ភ្នំភ្លើងផ្ទុះបន្ទាប់ពីការរញ្ជួយដីនៅរុស្ស៊ី
បរទេស ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ី បាននិយាយថា ភ្នំភ្លើងមួយ នៅភាគខាងកើតឆ្ងាយ របស់រុស្ស៊ី បានផ្ទុះ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោង បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ បានជំរុញឱ្យមានការជម្លៀសខ្លួន និង ការជូនដំណឹង អំពីរលកយក្ស ស៊ូណាមិ ឆ្លងកាត់ផ្នែកខ្លះ នៃ ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
ការស្ទាបស្ទង់ភូមិសាស្ត្រ រុស្ស៊ី បានបង្ហោះរូបថត នៃភ្លើងពណ៌ទឹកក្រូច នៅលើកំពូលភ្នំភ្លើង កម្ពស់៤,៧០០ ម៉ែត្រ។ ប្រភពបានរៀបរាប់ថា «កម្អែក្តៅ ក្រហម ត្រូវបានគេសង្កេតឃើញ ហូរចុះ តាមជម្រាលភ្នំ តែ គ្មានការបំផ្លិចបំផ្លាញ ពីការផ្ទុះរបស់វាឡើយ ដោយសារតែ ទីក្រុងដ៏ធំ ដែលនៅជិតបំផុត គឺ Petropavlovsk-Kamchatsk ហើយ ស្ថិតនៅចម្ងាយ រាប់រយគីឡូម៉ែត្រ»។
កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ គ្រោះរញ្ជួយដី កម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារ នៅឆ្នេរសមុទ្រ នៃតំបន់ Kamchatka ភាគខាងកើតឆ្ងាយ របស់ប្រទេសរុស្ស៊ី។ មានការព្រមាន អំពីរលកយក្សស៊ូណាមិ តែ ត្រូវបានដកការព្រមាន ចេញវិញ ក្នុងរយៈពេល ១១ម៉ោង ក្រោយមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


