កម្ពុជាអំពាវនាវឱ្យថៃប្រគល់កងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឱ្យបានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

(ភ្នំពេញ)៖ ប្រមុខកងទ័ពកម្ពុជាបានអំពាវនាវឱ្យ ភាគីថៃ ដែលបានធ្វើការចាប់ខ្លួន​កងទ័ពកម្ពុជាចំនួន ២០រូប ក្រោយបញ្ចប់បទឈប់បាញ់​ចូលជាធរមាន​កាលពី​យប់​ថ្ងៃ​ទី ២៩ ខែ កក្កដានោះ ដោយត្រូវដោះលែងពួកគាត់ត្រឡប់មកវិញ និងព្រម​ជាមួយគ្នាក៏ត្រូវថែទាំពួកគាត់ឱ្យបានល្អផងដែរ។

គួរបញ្ជាក់ថា កងទ័ពកម្ពុជាចំនួន២១រូបដែលប្រចាំការនៅសមរភូមិមុខត្រង់ ជាំតែ ត្រូវបានកងទ័ពថៃប្រើប្រាស់នូវល្បិចកលស្មោកគ្រោក ដោយយកល្បិចក្រោយបទ​ឈប់​បាញ់ចូលជាធរមានហើយ ហៅកងទ័ពកម្ពុជាទៅចាប់ដៃបង្ហាញ​ពីមិត្តភាព​ឡើង​វិញ ។ភ្លាមៗនោះកងទ័ពថៃបានធ្វើការភ្ជង់ និងចាប់កងទ័ពកម្ពុជា ដោយក្នុងចំណោម​នេះ​គេសង្ស័យថាបានបាញ់សម្លាប់កងទ័ពកម្ពុជាចំនួន២រូប និងម្នាក់បានរួចខ្លួន។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖ករណី​កងទ័ពកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់នេះ បានកើតឡើងនាព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៩វេលាម៉ោង ៧,៥០នាទីព្រឹក ។ ចំពោះកងកម្លាំងកម្ពុជា ២០រូប​ដែល​​ស្ថិតនៅក្នុងការគ្រប់គ្រងភាគីថៃមកដល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបផ្សេងទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ ។

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងទាក់ទិនក្នុងរឿងនេះថា៖” យើងនឹងបន្តចរចា​ឱ្យ​​អស់លទ្ធភាពដើម្បីយកបងប្អូនទាំងអស់ ត្រឡប់មកវិញឱ្យបានឆាប់បំផុតដោយ​សុវត្តិភាព។ខ្ញុំសុំអំពាវនាវដល់ភាគីថៃ ត្រូវធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើង​ទាំង២០រូប ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតបើមានក្នុងការ​គ្រប់​គ្រងរបស់ថៃ”។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា កងទ័ព​កម្ពុជា មានលំនឹងចិត្តថារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និង​កងទ័ពកម្ពុជា មិនដែលលះបង់កងទ័ព របស់យើងណាម្នាក់ឡើយ ទោះក្នុង​កាលៈ​ទេសៈណាក៏ដោយ”។

ទាក់ទិនក្នុងរឿងកងទ័ពថៃបានប្រើប្រាស់ល្បិចកលចាប់កងទ័ពកម្ពុជានេះដែរក្រសួងការពារជាតិកម្ពុជាកំពុងអន្តរាគមន៍ដោយ ចរចាជាមួយកងទ័ពថៃ និងក្នុងនេះកម្ពុជា​ក៏បានស្នើឱ្យ អគ្គមេបញ្ជាការ ប្រទេស ម៉ាឡេស៊ី ជួយអន្តរាគមន៍ផងដែរ។ ក្រសួង​សង្ឃឹមថា បងប្អូនទាំងអស់នឹងវិលត្រឡប់មកវិញដោយសុខសុវត្តិភាព ។ ជាមួយ​គ្នានេះ​កម្ពុជាអំពាវនាវដល់ភាគីថៃជួយមើលថែ មើលការខុសត្រូវ ចំពោះបងប្អូន​កងទ័ពកម្ពុជាដែលកំពុងត្រូវភាគីថៃគ្រប់គ្រងឱ្យបានល្អ និងឆាប់បញ្ជូនពួកគាត់​ត្រឡប់មកវិញស្រតាមច្បាប់មនុសុ្សធម៌អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបន្ថែមថា”ខ្ញុំសុំបញ្ជាក់ជាថ្មីថាអាយុជីវិត សុខសុវត្តិភាព ទាំងកងទ័ព ទាំងប្រជាពលរដ្ឋស៊ីវិល គឺជាអ្វីដែលរាជរដ្ឋាភិបាល​ចាត់ទុកជាអាទិភាពចម្បងបំផុត ហើយតែងតែ ខិតខំប្រឹងប្រែង ដោះស្រាយគ្រប់​មធ្យោ​​បាយទាំងអស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ”។

ជាមួយគ្នានេះទាក់ទិនទៅនឹងកងទ័ពចំនួន២០រូបដែលកំពុងគ្រប់គ្រងដោយថៃ ហើយ​ការពុំបានបញ្ចេញព័ត៌មានគឺមិនមែនមានន័យថាជាការលាក់បាំងព័ត៌មានោះទេ ប៉ុន្តែក្នុងដំណាក់កាលដែលមិនមានភាពជាក់លាក់ ចំពោះជោគវាសនារបស់ពួកគាត់ នោះយើងត្រូវធ្វើយ៉ាងណាឱ្យពួកគាត់មានសុខសុវត្តិភាព ព្រោះថាការបញ្ចេញ​ព័ត៌មាន​​ជាសាធារណៈណាមួយ ពេលខ្លះ អាចបង្កគ្រោះថ្នាក់ដល់បងប្អូនយើង​ទៅ​វិញទេ។ថ្នាក់គ្រប់គ្រងកងទ័ពកម្ពុជាតែងគិតគូរនឹងធ្វើយ៉ាងណាឱ្យភាគីថៃ​បញ្ជូន​ត្រឡប់មកវិញនូវកងទ័ពទាំងអស់ដែលរងគ្រោះទាំងនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃម្សិលម៉ិញនេះ(ទី៣០ ខែកក្កដា)ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធា ១៣ប្រទេស និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មាន​ជាតិ និង អន្តរជាតិ ចុះមកអង្កេតការ និងផ្សព្វផ្សាយព័ត៌មាន ការអនុវត្តក្នុងស្មារតី បទឈប់បាញ់រវាងកម្ពុជា- ថៃ ដើម្បីសន្តិភាព នៅច្រកអានសេះ ក្នុងភូមិអានសេះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្នុងព្រឹត្តិការណ៍នេះកងទ័ពកម្ពុជា​ក៏បានជំរាប​ដល់អនុព័ន្ធយោធាទាំងនេះពីល្បិចកលកងទ័ពថៃចាប់កងទ័ពកម្ពុជាជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់ផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner