ផ្លូវកៅស៊ូនិងបេតុង​ប្រវែងជាងបួនគីឡូម៉ែត្រ នៅស្រុកសំឡូតនឹងរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

បាត់ដំបង៖តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ផ្លូវមួយខ្សែ មានពីរ​កំណាត់ប្រវែងសរុប ៤ ៥០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រស្ថិតនៅភូមិចំការចេក និងភូមិរទៀង ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ​បានលេចចេញជារូបរាង ។ក្នុងនោះកំណាត់ផ្លូវទី១ ក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មានប្រវែង ៤ ២០០ម៉ែត្រ និងកំណាត់ផ្លូវទី២ ជាផ្លូវបេតុងប្រវែង ៣០០ម៉ែត្រ។មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍​ជនបទបានបញ្ជាក់​ថា ផ្លូវនេះនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៃសហគមន៍​នៅជនបទ៕

ក្នុងសប្ដាហ៍នេះ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារតំណាងអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញត្រួតពិនិត្យនិងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវ ចំនួន​មួយ​ខ្សែមានពីរកំណាត់ប្រវែង៤ ៥០០ ម៉ែត្រ, ទទឹង ៦ម៉ែត្រ។ ជាប្រភេទផ្លូវក្រាលកៅ​ស៊ូពីរជាន់​និងផ្លូវបេតុង ស្ថិត​នៅភូមិចំការស្រូវ និង ភូមិរទៀង ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវបានគូសរំលេចថា ផ្លូវនេះ គឺជាផ្លូវអាទិភាព ដើម្បីបម្រើដល់សេដ្ឋកិច្ច​លក្ខណៈ​អន្តរឃុំ-ស្រុកក្នុងខេត្តនិងជាចរន្តសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុង​សហគមន៍​ជនបទ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកជំទាវបន្តថា មិនតែប៉ុណ្ណោះផ្លូវមួយខ្សែនេះ វាពិតជាផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ ក្នុង​ជួយបង្កើនជីវភាព​រស់នៅប្រជាពលរដ្ឋក្នុងស្រុកមួយនេះ។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបាន​ឱ្យដឹងថា ខេត្តបាត់ដំបងសម្រាប់ការងារ​ឆ្នាំ២០២៥​ដែលគាំទ្រដោយថវិកាក្រសួងអភិវឌ្ឍន៍ជនបទ មាន ផ្លូវថែទាំជាប្រចាំសរុបប្រាំខ្សែប្រវែង ៧៨,៧០គីឡូម៉ែត្រ។
ក្នុងនោះជាប្រភេទផ្លូវក្រាលកៅស៊ូ២ជាន់, ផ្លូវក្រាលល្បាយកម្ទេចថ្មភ្នំ ,ល្បាយក្រួសនិងផ្លូវជួសជុលបន្ទាន់៕


អត្ថបទ-រូបភាព÷ អ៊ុក សំអាន ប.ប

ads banner