ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខ ក្រុមគ្រួសារសពវីរៈយុទ្ធជន នៅខេត្តកំពត-កែប ដែលបានពលីនៅសមរភូមិមុខ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-កែប នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈយុទ្ធជនជួរមុខ៣រូប កំពុងតម្កល់ធ្វើបុណ្យនៅខេត្តកំពត និងខេត្តកែប ដែលបានពលីដោយការប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។

១ – លោកវីរៈសេនីយ៍ត្រី សូត្រ ពេជ្រ អាយុ៥០ឆ្នាំ នៅអង្គភាពទីបញ្ជាការមុខកងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៤ (ស្រែណូយ) បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅភូមិជ័រដុំ ឃុំក្រាំងស្បូង ស្រុកឈូកខេត្តកំពត ។

២ – លោកពលបាលឯក ឈូក វ៉ាន់ត្រួយ អាយុ៤៤ឆ្នាំ នៅអង្គភាពទ័ពពិសេស៩១១ បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
៣ – លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា អាយុ២៧ឆ្នាំ នៅអង្គភាពទ័ពពិសេស៩១១ បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងប្រតិភូ សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ និងធនធានការពារជាតិ ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន ។

ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅពិតមែន ប៉ុន្តែវីរយុទ្ធជនពលីបានបង្កើតស្នាដៃសម្រាប់ជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ ។

វីរៈភាពដ៏អង់អាចក្លាហានដ៏ធំធេង ដែលបានលះបង់នូវអាយុជីវិតក្នុងបុព្វហេតុការពារទឹកដី និងប្រជាជន នាពេលនេះ និងធ្វើឱ្យប្រជាជនខេត្តកំពត និងខេត្តកែប ព្រមទាំងប្រជាជនកម្ពុជានៅទូទាំងប្រទេស ចងចាំជានិច្ចមិនអាចបំភ្លេចបាន ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-កែប រួមជាមួយគណប្រតិភូ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជា សូមឱ្យបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner