ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃវាយប្រហារ សម្តេចតេជោ ហ៊ុន សែនគឺគ្មានមូលដ្ឋាន គ្មានបានការ និងមានចរឹកចង់បង្កបញ្ហា
ភ្នំពេញ៖ ការលើកឡើងរបស់ លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ចេញសកម្មភាពបញ្ជាទ័ពលើតួនាទីនាយករដ្ឋមន្រ្តី ព្រមទាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិតាមដានតួនាទីរបស់ សម្តេចតេជោ លើសកម្មភាពនេះ គឺ «ជាសំដីគ្មានបានការ គ្មានមូលដ្ឋាន និងមានចរឹកចង់បង្កបញ្ហា។ ការចោទប្រកាន់ទាំងងងើលរបស់មន្រ្តីជាន់ខ្ពស់ថៃរូបនេះ ក្នុងគោលបំណងប្រើល្បិចវាយប្រហារផ្នែកស្មារតីមកលើកម្ពុជា ពុំមែនជាលើកទីមួយនោះទេ ចាប់តាំងពីមានជម្លោះព្រំដែនមក។
ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ និងជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រអវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិពេញលេញក្នុងភារកិច្ចតាមដាន ត្រួតពិនិត្យមើលលើជោគវាសនារបស់ប្រទេសជាតិ ប្រជាជនកម្ពុជា អធិបតេយ្យជាតិ និងបូរណភាពទឹកដីទាំងមូលរបស់ព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មានកាតព្វកិច្ចពេញលេញក្នុងការតាមដានត្រួតពិនិត្យលើកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងការការពារបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហើយមាន សម្តេច ជាប្រធានគណបក្ស។
ជាងនេះទៅទៀតនៅក្នុងតួនាទីជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានសិទ្ធិតាមដាន និងផ្តល់យោបល់ជូនព្រះមហាក្សត្រ លើកិច្ចការប្រទេសជាតិផងដែរ។
លើសពីនេះទៅទៀត ចាប់តាំងពីមានភាពតានតឹងនៅតាមព្រំដែនកម្ពុជានិងថៃមក សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសទទួលយកតំណែងជាអគ្គភស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្តដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។ សម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ថា «អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែ សម្ដេច ជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស»។
លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃគួរតែក្រើនរំលឹករដ្ឋាភិបាលរបស់ខ្លួនឱ្យអនុវត្តន៍បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសន្តិភាពរវាងប្រទេសទាំងពីរ ដែល កិច្ចព្រមព្រៀងនេះមានការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិសេស ដោយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានកិច្ចសហការពីសំណាក់សហរដ្ឋអាម៉េរិក និងការចូលរួមគាំទ្រដោយភាគីចិន៕
ដោយវង្ស មករា
សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ
