អ្នកនាំពាក្យព្រឹទ្ធសភា៖សម្ដេចតេជោ តែងក្រើនរម្លឹកដល់វីរកងទ័ពជាប្រចាំឱ្យប្រកាន់ខ្ជាប់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ
ភ្នំពេញ៖ជាមួយរូបថតមួយសន្លឹកនាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញទំនាក់ទំនងអំពីការទូន្មានក្រើនរំលឹករបស់សម្ដេចតេជោ។
សំណេរមានខ្លឹមសារថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ប្រឹក្សានិងក្រើនរម្លឹកដល់វីរកងទ័ពយើងជាប្រចាំ ឱ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ ពោលគឺយើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹង ប្រាសចាកភាពជាមនុស្សទេ ទោះបីជាសត្រូវនៅក្នុងពេលចម្បាំង តែគេក៏ជាមនុស្សជាតិដូចយើងដែរ។
ជាការកត់សម្គាល់សំណេរនេះបានធ្វើឡើងខណៈដែលកងទ័ពកម្ពុជាចំនួនពីររូប ក្នុងចំណោម១៨រូបដែលកងទ័ពថៃចាប់យកទៅគ្រប់គ្រងត្រូវបានប្រគល់ឱ្យកម្ពុជាវិញតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ មានសុខភាពទ្រុឌទ្រោម។ទន្ទឹមនេះនៅថ្ងៃទី១ ខែសីហា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិបន្ទាន់ទៅស្នងការនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណេវ ពាក់ព័ន្ធនឹងករណីយោធាថៃ ចាប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់៕
ដោយ៖វណ្ណលុក