រដ្ឋមន្រ្តីការបរទេសកម្ពុជា នាំអង្គទូត និងអង្គការអន្តរជាតិចំនួនបួន ចុះមើលផលប៉ះពាល់ពីការប៉ះទង្គិចរវាងកម្ពុជា-ថៃ
ឧត្តរមានជ័យ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំអង្គទូតចំនួន២២និងអង្គការអន្តរជាតិចំនួនបួនផ្សេងទៀតអញ្ជើញពិនិត្យជាក់ស្តែងកន្លែងរងគ្រោះដោយសារការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ២៤ដល់យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។
គណៈប្រតិភូអង្គទូត និងអង្គការអន្តរជាតិត្រូវបានទៅពិនិត្យមើលផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលទទួលរងការវាយប្រហារដោយកងទ័ពថៃនៅមុនមានកិច្ចព្រមព្រៀងឈប់បាញ់។ពិនិត្យមើលទីតាំងដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ។ ទៅពិនិត្យវត្តប្រាសាទតាមាន់សែនជ័យ ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះបណ្តាលឱ្យលោកតាអាចារ្យម្នាក់បាត់បង់ជីវិតនិងមានជនស៊ីវិលមួយចំនួនរងរបួស។
ប្រតិភូក៏បានអញ្ជើញទៅពិនិត្យជនភៀសសឹកនៅវត្តរតនឧត្តម មុនីគិរីសែនជ័យ ហៅវត្តកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
នៅចំពោះមុខបណ្តាអង្គទូត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយការប្រយុទ្ធនេះដែរ ក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាល្ងាចថ្ងៃទី១ ខែសីហាឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា នេះជាដំណើរចុះពិនិត្យផលប៉ះពាល់នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ របស់តំណាងទូតប្រចាំកម្ពុជាមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១សីហា ដល់ថ្ងៃទី២សីហា។តំណាងទូតទាំងអស់បានផ្ដល់អំណោយនិងសួរសុខទុក្ខជនភៀសសឹក និងកងកម្លាំងការពារព្រំដែនផងដែរ៕
ដោយ៖ ម៉ាដេប៉ូ ,សួង ពិសិដ្ឋ,រិន រចនា



















