ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបជាមួយពលករ ដែលវិលត្រឡប់ពីប្រទេសថៃចំនួន ៧៩៧នាក់ នៅស្រុកត្រាំកក់ និងក្រុងដូនកែវ
(ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយបានសម្រេចចិត្តមករស់នៅស្រុកកំណើតវិញ ប្រមាណ ៧៩៧នាក់ ក្នុងស្រុកត្រាំកក់ (៣៥០នាក់) និងក្នុងក្រុងដូនកែវ (៤៤៧នាក់)។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងក្រុងដូនកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឡើងនៅ ២ទីតាំងផ្សេងគ្នា គឺនៅសាលាស្រុកត្រាំកក់ និងសាលាក្រុងដូនកែវ ខេត្តតាកែវ។
ឯកឧត្តមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ដោយយោធាថៃបានផ្លោងគ្រាប់ ទម្លាក់គ្រាប់បែក និងប្រើប្រាស់អាវុធធន់ធ្ងន់ និងប្រើប្រាស់ផ្សែងពុល មកលើទីតាំងយោធា និងប្រជាជនកម្ពុជា ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង អស់ជាច្រើនកន្លែង ហើយការណ៍នេះធ្វើឱ្យប្រជាជនយើងដែលរស់នៅតាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានដ៏ច្រើនលើសលប់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបានពាំនាំនូវទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនិងសម្តេចធិបតីចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃនិងបានត្រឡប់មកកន្លែងកំណើតវិញប្រកបដោយសុវត្ថិភាព។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យខិតខំផ្សព្វផ្សាយឱកាសការងារជូនដល់បងប្អូនពលករយើង និងអំពាវនាវដល់បងប្អូនយើងឱ្យខិតខំបំពេញការងារតាមសមត្ថភាពរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (IJC) ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់អន្តរជាតិ ព្រមទាំងបានអំពាវនាវដល់បងប្អូនពលករយើងរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង៕
ដោយ ៖ ង៉ាន់ ទិត្យ








