សកម្មភាពរោងចក្រនៅអាស៊ីអាក្រក់ខ្លាំងក្នុងខែកក្កដា
បរទេស ៖ យោងតាមការស្ទង់មតិរបស់វិស័យឯកជន បានឱ្យដឹងនៅថ្ងៃទី១ ខែសីហានេះថា សកម្មភាពរោងចក្ររបស់អាស៊ីបានបន្តដាំក្បាលចុះក្នុងខែកក្កដា ដោយសារតម្រូវការសកលទន់ខ្សោយ និងភាពមិនប្រាកដប្រជាចំពោះពន្ធគយរបស់អាមេរិក បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អាជីវកម្ម ដោយបង្កើនភាពអាប់អួរដល់ចក្ខុវិស័យស្ទុះងើបឡើងវិញដ៏ផុយស្រួយរបស់តំបន់។
សារព័ត៌មាន The Star បានរាយការណ៍ថា ការស្ទង់មតិនេះត្រូវធ្វើឡើងមុនពេលជប៉ុន និងកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ដោយក្រុមអ្នកវិភាគមួយចំនួនមានក្តីសង្ឃឹមថា ភាពមិនប្រាកដប្រជារលាយបាត់ និងអាចជំរុញសកម្មភាពផលិតកម្មឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខ។
កូរ៉េខាងត្បូងមើលឃើញការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ក្នុងខែកក្កដា សម្រាប់ពេល ៦ខែជាប់គ្នា ជាមួយនឹងទិន្នន័យបញ្ជាទិញ PMI ពីស្ថាប័នតានដានទីផ្សារ S&P Global បានធ្លាក់ដល់ ៤៨,០ នៅក្នុងខែកក្កដា ធ្លាក់ចុះពីតួលេខ ៤៨,៧ នៅក្នុងខែមិថុនា។ សន្ទស្សន៍ការបញ្ជាទិញ PMI របស់ S&P Global សម្រាប់ជប៉ុន ក៏ថយចុះដល់ ៤៨,៩ ក្នុងខែកក្កដា ធ្លាក់ចុះពីចំនួន ៥០,១ ក្នុងខែមិថុនា។
រីឯសកម្មភាពរោងចក្ររបស់ចិនក៏យ៉ាប់យ៉ឺនដែរ ក្នុងខែកក្កដា ខណៈកំណើនអាជីវកម្មទន់ខ្សោយបាននាំឱ្យក្រុមហ៊ុននានាកាត់បន្ថយការផលិតរបស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់។ ការបញ្ជាទិញ PMI នៅកន្លែងផ្សេងទៀតបង្ហាញថា សកម្មភាពរោងចក្រក្នុងខែកក្កដា បានពង្រីកនៅហ្វីលីពីន និងវៀតណាម ប៉ុន្តែបានធ្លាក់ចុះនៅកោះតៃវ៉ាន់ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា មុនពេលដែលអាមេរិកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាច្រើន ហើយក៏មុនពេលអត្រាពន្ធបដិការថ្មីរបស់អាមេរិក កាលពីថ្ងៃទី៣១ ខែកក្កដា៕
ប្រភព ៖The Star ប្រែសម្រួល ៖ ឈឹម ទីណា
