ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំពិនិត្យផ្តល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី១ ជូនគម្រោងវិនិយោគ ចំនួន៥ ក្នុងទុនវិនិយោគសរុប ២ ៨៥០លានដុល្លារអាមេរិក

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័ន, តំណាងរដ្ឋបាលខេត្តទាំង ៤ និង មន្រ្តីជំនាញពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី១ ជូនគម្រោងវិនិយោគ ចំនួន ៥ ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ។ គម្រោងវិនិយោគទាំង ៥ មានទុនវិនិយោគសរុប ២ ៨៥០ លានដុល្លារអាមេរិក វិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាលនិង អាចបង្កើតការងារប្រមាណ ៣៨ ៤០០កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ។ ក្រុមហ៊ុនមួយចំនួន ក៏ធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយមានបំណងពង្រីកសកម្មភាពរបស់ខ្លួន ក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និង ការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល។

ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានលើកឡើងអំពីសារៈសំខាន់កាន់ខ្លាំង នៃកម្មវិធីពិសេសជំរុញការវិនិយោគដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ។ ក្រុមការងារបានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និង ពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និង ថែទាំវិនិយោគផង, ទន្ទឹមនឹងការការពារ និង បង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹម សម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយាកាសវិនិយោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានបរិយាប័ន្ន ។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។

វិនិយោគិន ដែលមានបំណងវិនិយោគក្នុងភូមិភាគឦសាន អាចឆ្លៀតឱកាស ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ដោយដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង៖ ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775/ 97 256 7174, ទីតាំងទី២. ការិយាល័យស្ថិតនៅខេត្តក្រចេះ មានអាសយដ្ឋាននៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664, ទីតាំងទី៣. ការិយាល័យស្ថិតនៅខេត្តស្ទឹងត្រែង មានអាសយដ្ឋាននៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663, ទីតាំងទី៤.ការិយាល័យស្ថិតនៅខេត្តមណ្ឌលគិរី មានអាសយដ្ឋាននៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និង ទីតាំងទី៥.ការិយាល័យស្ថិតនៅខេត្តរតនគិរី មានអាសយដ្ឋាននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664 ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner