អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាននៅបន្តសង្កេតឃើញមានការផ្សាយ (ការផុស)លើបណ្តាញសង្គម នូវព័ត៌មានប្រាសចាកពីការពិត ដោយការបំភ្លៃនូវខ្លឹមសារ និង/ឬ រូបភាពពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ដែលបានបង្កើតមន្ទិលក្នុងចំណោមពលរដ្ឋ ហើយបានធ្វើឱ្យសាធារណមតិច្របូកច្របល់ ទាក់ទងនឹងការចាប់ខ្លួនកងទ័ព, ដែលជះផលអវិជ្ជមាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព អាយុជីវិតកងទ័ព និងសន្តិសុខជាតិ ពិសេសបង្កហានិភ័យខ្លាំង ដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ និងយន្តការដោះស្រាយ វិវាទព្រំដែននាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះដែរ ក្រសួងក៏បានបន្តកត់សម្គាល់ឃើញ ការប្រើរូបភាព និងខ្លឹមសារមិនសមរម្យ អសីលធម៌, និងសារពាក់ព័ន្ធនឹងការពហិកាចំពោះផលិតផលបរទេសមួយចំនួនទៀត បញ្ចេញលើបណ្តាញសង្គម ដែលវាបានបង្កការអុចអាល ឱ្យមានការរើសអើង អរិយភាពជាតិសាសន៍ ប្រជាជននិងប្រជាជន ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសា្ថនភាពលំបាកទៅហើយនោះ។

សកម្មភាពទាំងនេះត្រូវបញ្ឈប់ជាបន្ទាន់! សូមបញ្ឈប់ការយកព្រឹត្តិការណ៍ទាំងនេះ ដើម្បីធ្វើអាជីវកម្ម សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតគូរអំពីហានិភ័យ និងការបង្កមហន្តរាយ ដល់សង្គម និងធ្វើឱ្យខូចខាតប្រយោជន៍ជាតិ។

ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំ និងសារអំពាវនាវតាមរយៈអ្នកនាំពាក្យក្រសួង រួចហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌ក្នុងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម ពិសេសការកាត់តរូបភាព ការប្រើពាក្យអសុរស ខ្លឹមសារមិនសមរម្យ រូបភាពទង់ជាតិ បង្កភាពសម្អប់ ការរើសអើងពូជសាសន៍ និងទង្វើអសីលធម៌ ការប្រមាថប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដល់ថ្នាក់ដឹកនាំនៃរដ្ឋបរទេស ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយកាលពីម្សិលមិញនេះទៀត ក្រសួងបានការណែនាំបន្ថែមទៀត អំពីការពង្រឹងការប្រតិបត្តិក្រមសីលធម៌សម្រាប់ការចុះយកនិងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន និងអ្នកអនុវត្តការងារក្នុងវិស័យព័ត៌មាន ទាំងអាជីពនិងមិនមែនអាជីព ពិសេសការផ្សាយពាក់ព័ន្ធនឹងព័ត៌មានអវិជ្ជមានដែល បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

ជាថ្មីម្តងទៀត ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមរលឹកជូនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកធ្វើព័ត៌មាន អាជីពនិងមិនមែនអាជីព ត្រូវពង្រឹងតួនាទីនិងការងារចុះយកព័ត៌មាន និងផ្សាយព័ត៌មានរបស់ខ្លួន ដោយអនុលោមតាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចាំបាច់ត្រូវធានាការប្រតិបត្តិសិទ្ធិនិងករណីយកិច្ច ដើម្បីរួមចំណែកក្នុងការរក្សានិងពង្រឹង របៀបរៀបរយវិជ្ជាជីវៈ សណ្តាប់ធ្នាប់ព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននិងការផ្សព្វផ្សាយ ដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងកាលៈទេសៈដ៏មានសារៈសំខាន់កម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ។

រីឯគំនិតជាតិនិយមវិញវាជារឿងល្អសម្រាប់ប្រទេសជាតិ ទោះជាតិសាសន៍ណាក៏ដោយ ព្រោះជាសកម្មភាពសំខាន់រួមចំណែក ជាមួយរាជរដ្ឋាភិបាល សង្គមជាតិ ទោះក្នុងវិស័យបុព្វហេតុការពារវប្បធម៌ អរិយធម៌ជាតិ ការពារទឹកដី សម្បត្តិបេតិកភណ្ឌ និងតម្លៃជាតិ លើវិស័យផ្សេងទៀត។ ប៉ុន្តែចលនាជាតិនិយមនោះមិនត្រូវក្លាយជាការបង្កឱ្យមានបញ្ហា ឬបង្កហានិភ័យ ឬបន្ថែមបញ្ហាថ្មី នាំភ្លើងថែមឡើយ ពោលគឺជាតិនិយមជ្រុល ពុំអាចចូលរួមចំណែកដល់ដំណោះស្រាយទេ តែវានឹងធ្វើឱ្យកាន់តែមានភាពស្មុកស្មាញខ្លាំងឡើងទៅវិញ ហើយមិនមានអ្វីចំណេញចំពោះប្រទេសជាតិដែរ ពិសេសមិនចំណេញទេដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងដំណើរការដោះស្រាយវិវាទ ឬបញ្ហាតាមគោលការណ៍សន្តិភាព នីតិរដ្ឋ ច្បាប់ជាតិនិងអន្តរជាតិ យន្តការដោះស្រាយជម្លោះកម្រិតតំបន់ និងសកល តែផ្ទុយទោវិញវានឹងបណ្តាលឱ្យមានបញ្ហាជាច្រើនកើតឡើងទៅវិញទេ។ ដូច្នេះសូមអំពាវនាវជាថ្មីទៀត ដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់នូវការបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយ ការបំភ្លៃព័ត៌មាន ដែលប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតកងទ័ព, ដាច់ខាត ចៀសវាងការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ ឬការរើសអើងនានា! សូមបង្កើនការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យមានការភាន់ច្រឡំ បង្កហិង្សាសង្គម។ ជានិច្ចជាកាលត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងផ្សាយឬចែករំលែកព័ត៌មានលើបណ្តាញសង្គម។

សូមអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ និងការទទួលខុសត្រូវ ត្រូវគោរពក្រមសីលធម៌នៅរាល់ពេលប្រើប្រាស់ឬចែកចាយលើបណ្តាញសង្គម ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម និងការផ្សាយព័ត៌មានក្នុងនិងក្រៅប្រទេស ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។ វិធានការច្បាប់នឹងត្រូវអនុវត្តចំពោះរាល់ការប្រព្រឹត្តខុស និងការដើរហួសដែន ដែលច្បាប់បានកំណត់ ក្នុងនោះច្បាប់ស្តីពីរបបសារព័ត៌មាន និងត្រូវមានការទទួលខុសចំពោះមុខច្បាប់ផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖សារព័ត៌មានកម្ពុជាថ្មី

ads banner