កាសែតអន្តរជាតិផ្សាយពីប្រជាជនថៃបាតុកម្ម ជំទាស់នឹងការធ្វើសង្គ្រាម ជាមួយកម្ពុជា

បរទេស ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ ចំនួនពីរ រួមមាន AFP និង New York Post កាលពីថ្ងៃសៅរ៍ បានចុះផ្សាយ ពីប្រជាជនថៃ ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់ថៃ ជាមួយនឹងប្រទេសកម្ពុជា។

កាសែតបារាំង APF បានចេញផ្សាយ តាមរយៈបណ្តុំរូបថត នៃ ការធ្វើបាតុកម្ម នៅបាងកក កាលពីថ្ងៃទី២ ខែសីហា ដោយបានរំលេចខ្លឹមសារ ថា «បាតុករប្រឆាំងរដ្ឋាភិបាល កាន់ទង់ជាតិថៃ ក្នុងពេលធ្វើបាតុកម្ម ដើម្បីថ្កោលទោសសង្គ្រាម ជាមួយកម្ពុជា និង ទាមទារឲ្យមានការចុះចេញពីតំណែង ពីសំណាក់ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរតំណែង នៅវិមានជ័យជំនះ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៥»។

រីឯ New York Post វិញ បានដាក់ចំណងជើងធំៗ ថា «បាតុករនៅប្រទេសថៃ បរិហារ នាយករដ្ឋមន្ត្រី បន្ទាប់ពីប៉ះទង្គិច ជាមួយកម្ពុជា»។ កាសែត អាមេរិក មួយនេះ ក៏បានរំលេចពីខ្លឹមសារថា នេះគឺជាបាតុកម្ម ជាលើកទី២ ទាមទារ ឲ្យលោកស្រី Paetongtarn ចុះចេញពីតំណែង។

យោងតាមកាសែត First post បានឲ្យដឹងថា ក្រុមបាតុករចង់ឲ្យ លោកស្រី Paetongtarn ចុះចេញតែម្តង មិនបាច់រង់ចាំការស៊ើបអង្កេត បន្តទៀត ពោលគឺ បន្ទាប់ពីបែកធ្លាយសារសម្លេង បង្កឲ្យមានកំហឹង និង ចលាចលនយោបាយ។ ពួកគេចោទថា ទង្វើរបស់លោកស្រី ត្រូវបានចាត់ទុកថា ជាការមិនគោរព អធិបតេយ្យភាពជាតិ។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានព្យួរតំណែង នាយករដ្ឋមន្ត្រីរបស់ លោកស្រី Paetongtarn កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយរង់ចាំការស៊ើបអង្កេត លើក្រមសីលធម៌ ជុំវិញការចោទប្រកាន់៕

ប្រភព៖ AFP និង New York Post , ដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner