បេក្ខជនជាង ៣ពាន់នាក់ប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈបានបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ការប្រឡងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេ ធ្វើឡើងនៅសាលាភូមិន្ទភ្នំពេញ បេក្ខជន ៨០៣នាក់ បានប្រឡងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខាកាលបរិច្ឆេទ និងឈ្មោះ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។”
តាមការគ្រោងទុក បេក្ខជនចំនួន ៨០៣នាក់ កំពុងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ បេក្ខជនចំនួន ២៥១៤នាក់ផ្សេងទៀត កំពុងប្រឡងប្រជែងគ្នាក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល។

គួរបញ្ជាក់ថា នៅគ្រប់ពេលដែលមុនការប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គឺបានចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ)។
វិញ្ញាសាដែលកំពុងតាក់តែង សម្រាប់ការប្រឡងប្រជែង នាពេលរសៀលថ្ងៃនេះ មានចំនួន២។ (១)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៣វិញ្ញាសារួមមាន៖ វិញ្ញាសាសរសេរជំនាញ, វិញ្ញាសាសរសេរភាសាអង់គ្លេស និង វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ (២)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល ចំនួន ៣វិញ្ញាសារួមមាន៖ វិញ្ញាសាសរសេរជំនាញ, វិញ្ញាសាសរសេរភាសាអង់គ្លេស/បារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner