ស្តេចម៉ាឡេស៊ីនឹងយាងធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅរុស្ស៊ី
បរទេស ៖ ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី នឹងយាងបំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៥ ដល់ ទី១០ ខែសីហា តបតាមការអញ្ជើញ របស់លោក ពូទីន ប្រធានាធិបតី នៃ ប្រទេសរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី៣ ខែសីហា នេះ ថា ព្រះចៅស៊ុលតង់ Ibrahim គ្រោងនឹងទទួលជួបជាមួយ លោក ប្រធានាធិបតី ពូទីន ខណៈដែលប្រទេសទាំងពីរសម្លឹងមើល ការពង្រឹងទំនាក់ទំនង ទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ។
ប្រភពថា ការណ៍នេះ នឹងក្លាយជាព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូង របស់ព្រះមហាក្សត្រ ម៉ាឡេស៊ី ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពី ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៦៧។
ព្រះបរមរាជវាំង Istana Negara បានឲ្យដឹងថា «ព្រះរាជដំណើរ ទស្សនកិច្ចនេះ ក៏ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ របស់រាជាធិបតេយ្យ ម៉ាឡេស៊ី ក្នុងការជំរុញការទូត របស់ប្រទេសនេះ ផងដែរ» ដោយបន្ថែមទៀតថា ក៏អាចជាការបើកផ្លូវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យនានា រួមទាំង ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអប់រំ ឧត្តមសិក្សា ផងដែរ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត