អ្នកហ្គាហ្សារត់សំដៅទៅក្បួនឡានដឹកជំនួយ UN
បរទេស ៖ ហ្វូងមនុស្ស នៅក្នុងតំបន់ Gaza បានរត់សំដៅ ទៅស្កាត់ជួបក្បួនរថយន្ត របស់អង្គការសហប្រជាជាតិ ហៅកាត់ UN ដែលដឹកជំនួយស្បៀងអាហារ ចូលទៅកាន់ទីនោះ។
ប្រជាជនប៉ាឡេស្ទីន នាំគ្នាសម្រុកទៅរក ក្បួនរថយន្ត របស់អង្គការសហប្រជាជាតិ ដែលនាំយកគ្រឿងផ្គត់ផ្គង់ ចូលទៅក្នុងតំបន់ Gaza Strip នៅចំណុចច្រកឆ្លងកាត់ Kerem Shalom ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល កាលពីថ្ងៃទី ៣០ ខែកក្កដា។
រូបភាព បង្ហាញពីការបាញ់ប្រហារទៅលើដី ខណៈហ្វូងមនុស្ស បានប្រញាប់ប្រញាល់ ឆ្ពោះទៅរកក្បួន ដោយការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ ហៅកាត់ OCHA អះអាងថា ជាការបាញ់ចេញ ពីកងកម្លាំងអ៊ីស្រាអែល។
ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្នុងទឹកដីប៉ាឡេស្ទីន និយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១,៣៧៣នាក់ ដែលកំពុងស្វែងរកជំនួយស្បៀងអាហារ នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី ២៧ ឧសភា ពោលគឺ ១០៥នាក់ ក្នុងចំណោមពួកគេទាំងនោះ មានក្នុងរយៈពេល ពីរថ្ងៃ ចុងក្រោយ នៃខែកក្កដា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត