ឯកឧត្តម គួច វែងស្រ៊ុន ៖ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន សូមទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នកជំនាញបានហើយ
(ភ្នំពេញ)៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា ព័ត៌មាន គឺត្រូវតែលឿន រហ័ស និងពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ដាច់ខាតមិនអាចរហ័ស និងមិនអាចបង្ហាញគ្រប់នោះទេ។ សូមបងប្អូនទាំងអស់ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នកជំនាញបានហើយ។
សូមបងប្អូនទទួលបន្ទុកផ្សព្វផ្សាយតែការពិតដែលកើតមានអំពីសម្លេងរបស់ប្រជាជនកម្ពុជា ត្រូវការតែសន្តិភាព, ប្រជាជនប្រុសស្រីកំពុងរងទុក្ខវេទនាដោយក្លាយជាជន ភៀសសឹក, ខ្លះកំពុងបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងបង្ហាញពីឆន្ទៈពិតប្រាកដ និងបេះដូងដ៏បរិសុទ្ធរបស់យើងទៅកាន់ពិភពលោកឱ្យបានដឹង។
យើងនិយាយតែការពិតទៅ យើងមិនខ្វះពាក្យនិយាយនោះទេ ព្រោះពិភពលោកបាននឹងកំពុងមើលមកយើង។ គេព្យាយាមកុហក បោកប្រាស់ ប្រឌិតរឿង និងច្នៃគ្រប់រូបភាព ដើម្បីកុហកប្រជាជនខ្លួនឯង កុហកយើង និងកុហកពិភពលោក តែក៏ត្រូវបានបង្ហាញចេញជាបន្តបន្ទាប់ ដូចពាក្យចាស់ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ៕
ដោយ ៖ វណ្ណលុក

