ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជូនសាសនិកឥស្លាមនាឱកាសខែបួសរ៉ាម៉ាឌន

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធិ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញ ប្រគល់អំណោយជាស្បៀងអាហារជូនបងប្អូនខ្មែរឥស្លាម ចំនួន៤៥០គ្រួសារ នៅឃុំព្រែកតានង់ ស្រុកកោះសូទីន ខេត្តកំពង់ចាម ក្នុងកញ្ចប់អំណោយនិមួយៗមានអង្ករ៥០គីឡូ មី១កេះ ប្រេងឆា២លីត្រ ស្ករសរ២គីឡូ មីឡូ១កំប៉ុង ទឹកដោះគោ២កំប៉ុង សាប៊ូ១កញ្ចប់ និងថ្នាំដុសធ្មេញ៤ប្រអប់។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានផ្តល់ថវិកាសម្រាប់ដោះស្រាយចាក់ដីតារាងបាល់ទាត់ភូមិតានង់ទី៧ ចំនួន៣០០ឡានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានពាំនាំដំណឹងល្អ អំពីគោលនយោបាយសុខដុមបនីយកម្មថ្មីមួយទៀត ក្នុងចំណោមគោលនយោបាយសុខដុមបនីយកម្មនានា ជាច្រើន ដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងពិធីទទួលទានអាហារស្រាយបួសជាមួយសាសនិកឥស្លាមជិត ៥០០០នាក់ បានប្រកាសឲ្យមន្ទីរពេទ្យរដ្ឋ និងបង្អែកគ្រប់ខេត្តក្រុង ជួយសម្រួលដោះស្រាយបន្ទប់ថ្វាយបង្គំដល់សាសនិកឥស្លាម ដែលមកទទួលសេវាព្យាបាល ក៏ដូចជាបុគ្គលិកពេទ្យដែលកាន់សាសនាឥស្លាម ដែលពួកគាត់ធ្លាប់តែមានកង្វល់ នៅពេលដល់វេលាថ្វាយបង្គុំតែមិនមានបន្ទប់ត្រឹមត្រូវនៅតាមទីសាធារណៈ ជាពិសេសមន្ទីរពេទ្យ ខណៈនៅអាកាសយាន្តដ្ឋាន និងទីប្រជុំធំៗ មួយចំនួនបានដោះស្រាយរួចរាល់ជាបណ្តើរៗ។

លោកបន្តថា ទោះបីសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដុមបនីយកម្មបានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និង ចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។

គួរបញ្ជាក់ថា អំណោយខាងលើជាការឧបត្ថម្ភពីសប្បុរសជនសាសនិកឥស្លាមនៅប្រទេសបារាំង តាមរយៈអង្គការ LiFE សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមានការចូលរួមសហការពីថ្នាក់ដឹកនាំ ក្រុមការងាររបស់ក្រសួងព័ត៌មានផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner