មេអ៊ីស្រាអែល ចោទហាម៉ាស់ថា ធ្វើបាបចំណាប់ខ្មាំង ដូចពួកណាស៊ី
បរទេស ៖ មេធំរបស់ប្រទេសអ៊ីស្រាអែល លោក Netanyahu បានចោទប្រកាន់ក្រុមប្រដាប់អាវុធ ហាម៉ាស ថា ធ្វើបាបចំណាប់ខ្មាំង ឲ្យអត់ឃ្លាន ដូចទង្វើ របស់ ពួកណាស៊ី (Nazis)។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមវីដេអូមួយ កាលពីថ្ងៃអាទិត្យទី៣ ខែសីហា ថា «អ្នកឃើញ ពួកគេដេក នៅក្នុងគុកងងឹត…បិសាច Hamas បានបង្អត់អាហារ ដល់ជនជាតិយូដា ដូច របប Nazis»។
នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ របស់លោក បានសំដៅទៅលើវីដេអូ របស់ Hamas ដែលបង្ហាញពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ពីរនាក់ ដែលស្លេកស្លាំង នៅក្នុងផ្លូវរូងក្រោមដី នៅតំបន់ Gaza។
ក្រុមប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas កាលពីថ្ងៃទី១ សីហា បានបង្ហាញមុខចំណាប់ខ្មាំង Evyatar David អាយុ២៤ឆ្នាំ ខ្វះអាហារូបត្ថម្ភ ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៣១ ខែកក្កដា ក្រុម Al-Quds Brigades ដែលជាស្លាបប្រដាប់អាវុធ របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន អ៊ីស្លាម Jihad ក៏បានបង្ហាញមុខ ចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណ ឈ្មោះថា Rom Braslavski ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត