អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកថ្ងៃនេះ សភាពការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់ ។

ក្នុងសន្និសីទសារព័ត៌មានអំពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតចាប់ពីម៉ោង ៦ និង ១០នាទីព្រឹក ដល់ម៉ោង ១១នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខ តាមបន្ទាត់ព្រំដែន ទើសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា ។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្ថែមថា កងកម្លាំងរបស់យើង ក៏នៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានខ្ជាប់ខ្ជួន ។

លោកជំទាវ ក៏បានបញ្ជាក់ថា កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០៣ សីហា ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួន ដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ ។

តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃ គ្រោងនឹងបើកការវាយលុក តាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី ។

កម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួន ករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លឹមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner