សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់
មានប្រសាសន៍លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃចន្ទ ទី ៤ ខែសីហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលេចឲ្យឃើញថា ក្រុមកងទ័ពថៃ បានចាប់ខ្លួនកងទ័ពកម្ពុជាដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។
កងទ័ពកម្ពុជាប្រមាណ ២០នាក់ត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ កាលពីថ្ងៃទី ២៩ ខែកក្កដា គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកិច្ចព្រមព្រៀងលើបទឈប់បាញ់ចូលជាធរមាន។
សម្តេចបានលើកមកពន្យល់ថា កិច្ចព្រមព្រៀងដែលចុះហេត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី ២៩ ខែកក្កដា បានចែងពីការហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងកម្លាំងទ័ព។
ក៏ប៉ុន្តែក្រុមទាហានថៃ បានចល័តទ័ពចូលមកចាប់កងទ័ពកម្ពុជាក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយពីកិច្ចព្រមព្រៀង
ឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងប៉ុណ្ណោះ។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា នេះគឺ«ជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់»។
កាលពីសប្តាហ៍មុនប្រទេសថៃ បានប្រគល់កងទ័ពកម្ពុជាចំនួន២រូបមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ។ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដោយសារស្ថានភាពសុខភាពរបស់ពួកគេមានសភាពធ្ងន់ធ្ងរ។
សម្តេច ហ៊ុន សែន ក៏បានចោទជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបទៀត មកឲ្យកម្ពុជាវិញ?
ក្នុងន័យនេះ សម្តេចក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំឲ្យកាកបាទក្រហមអន្តរជាតិចូលរួមបំពេញតួនាទីក្នុងការដោះស្រាយស្ថានការណ៍ផ្នែកមនុស្សធម៌ ចំពោះកងទ័ពកម្ពុជាទាំង ១៨នាក់ នេះ។
ផ្អែកតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ជាតិ និងអន្តរជាតិចាប់អារម្មណ៍ចំពោះស្ថានការណ៍នយោបាយ និងមនុស្សធម៌ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានគោរព និងកងទ័ពកម្ពុជាត្រូវបានដោះលែងជាបន្ទាន់៕


ប្រភព អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស