បុរស២នាក់ផឹកសុីរួច ម្នាក់ទៅដេក ម្នាក់ទៀតបែកគំនិតឡើងលើផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យធ្លាក់ពីលើជាន់ទី២មកជាន់ទី១ស្លាប់
ភ្នំពេញ ៖ បុរសពីរនាក់បានផឹកសុីជាមួយគ្នាតាំងពីម៉ោង៦ព្រលប់រហូតដល់ម៉ោង១០យប់ទើបឈប់ ហើយមានបុរសម្នាក់បែកគំនិតបានដើរឡើងតាមបង្គោលភ្លើងថ្មចូលទៅក្នុងផ្ទះប្រជាពលរដ្ឋជាន់ទី២បណ្តាលឲ្យធ្លាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វេង តាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃក្រឡាក្រុម៥ សង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់ដោយសារឡើងលើផ្ទះពលរដ្ឋធ្លាក់នោះ មានឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកខ្សាច់ ស្នាក់នៅជិតវត្តតាំងកសាង មានស្រុកកំណើតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ មានប្រពន្ធមានកូនតូចអាយុមួយខែកន្លះ។
តាមសម្តីបុរសដែលជាមិត្តភ័ក្ត្រផឹកសុីជាមួយគ្នា ឈ្មោះច័ន្ទ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ បានប្រាប់ឲ្យដឹងថាពួកគាត់ទាំងពីរនាក់បានផឹកសុីតាំងពីក្បាលព្រលប់រហូតដល់ម៉ោង១០យប់ទើបឈប់ផឹក ហើយបុរសសង្ស័យខាងលើបានដើរទៅនោមក្បែរបង្គោលភ្លើងថ្ម នោមរួចហើយក៏ឡើងតាមបង្គោលភ្លើងចូលទៅផ្ទះកើតហេតុខាងជាន់ទី២ មិនដឹងមានបំណងអ្វីនោះទេ រូបគាត់បានស្រែកថាឲ្យកុំឡើងផ្ទះគេប្រយ័ត្នមានរឿង តែនៅតែឡើងទៅបាត់ឈឹង ។
រូបគាត់ក៏បានចូលដេករហូតដល់ម៉ោង១ក៏ងើបមកក៏ឃើញតែម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង1H.4361នៅកន្លែងដដែលរូបគាត់មិនចាប់អារម្មណ៍ក៏ដេកតទៅទៀតរហូតដល់២និង១០នាទីរូបគាត់ក៏ឡើងចូលទៅមើល ក៏ស្រាប់តែឃើញបុរសសង្ស័យបានធ្លាក់ពីជាន់ទី២មកលើជញ្តើរបោកក្បាល់បាក់កស្លាប់បាត់ទៅហើយ។ រូបគាត់ក៏ចេញតាមទ្វារមកក្រៅបានប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសលវិច្ឆ័យចុះមកពិនិត្យទើបដឹងថាជនសង្ស័យពិតជាធ្លាក់ស្លាប់ពិតប្រាកដមែន។ ចំណែក សាកសពសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅវត្តតាំកសាង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ធ.ដ