ព្រឹទ្ធសភា ប្រជុំជាវិសាមញ្ញ បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូប តំណាងព្រឹទ្ធសភា
(ភ្នំពេញ)៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៥រូប នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។ អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈតែមួយ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។
ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន ១រូប ជា សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភា ជំនួស ឯកឧត្តម លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។
ស្របតាម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈ តាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំ និងធ្វើការ ពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
បន្ទាប់ពីការសម្រេចលើសុពលភាពបេក្ខជនដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានដំណើរការនីតិវិធីបោះឆ្នោត ហើយ ឯកឧត្តម ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងនាមជាបេក្ខជនជាប់ឆ្នោត ឯកឧត្តម ឡាយ សំកុល បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់សេចក្តី ទុកចិត្ត និងគោរព និងថ្វាយជូន ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមដែលបានបោះឆ្នោតគាំទ្រដល់ ឯកឧត្តម ឡាយ សំកុល ធ្វើជាតំណាងព្រឹទ្ធសភា នៅក្នុងក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះឱ្យទទួលបានជោគជ័យ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ឡាយ សំកុល ក៏បានសម្តែងនូវគារវកិច្ច ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតគោរពជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបានតស៊ូលះបង់ អស់កម្លាំងកាយចិត្ត និងស្មារតី និងជម្នះរាល់ឧបសគ្គស្ទើរពេញមួយជីវិតរបស់សម្តេច ដើម្បីបុព្វហេតុនៃការរំដោះអាយុ ជីវិតប្រជាជនកម្ពុជាគ្រប់ៗរូបឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ សុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍសង្គមជាតិមាតុភូមិ។
ថ្មីៗនេះ នៅចំពោះមុខសភាពការណ៍ដែលប្រទេសជាតិ និងប្រជាជន កម្ពុជា កំពុងរងគ្រោះពីការវាយប្រហារឈ្លានពានរបស់កងទ័ពថៃ សម្តេចតេជោ ពិតជាបានបង្ហាញ យ៉ាងច្បាស់នូវភាពអង់អាច និងការលះបង់ដ៏ធំធេងបំផុតរបស់ សម្តេចតេជោ និងក្នុងនាមជាប្រធាន ព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ ។ សម្តេចតេជោ បានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ និងជាពិសេស បាន និងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនវីរយុទ្ធជនយើងនៅគ្រប់លំដាប់ថ្នាក់ នៃ គ្រប់ទីតាំងបញ្ជាការជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា ការផ្តល់ប្រឹក្សាយោបល់/យុទ្ធសាស្ត្រ និង ការលើកទឹកចិត្តគាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាព ដោយគ្មានពេលសម្រាក មិនថាពេលយប់ ឬថ្ងៃ និងមិនហ៊ានសូម្បីតែឈឺ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាន នូវបូរណភាព ទឹកដី និងដែនអធិបតេយ្យជាតិ ព្រមទាំងអាយុជីវិតរបស់ប្រជាជាតិខ្មែរ ពីការឈ្លានពាន។ គំរូវីរភាព របស់សម្តេចតេជោ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នាក៏ដូចប្រជាជន កម្ពុជាគ្រប់រូប សូមគោរពដឹងគុណបំផុត និងគាំទ្រយ៉ាងពេញទំហឹង ។
ឆ្លៀតឱកាសមង្គលសួស្តីប្រពៃថ្លៃថ្លា នៃពិធីចម្រើនជន្មាយុរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឡាយ សំកុល បានសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយបំផុតគោរពជូនសម្តេចតេជោ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល់ គ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយព្រះពុទ្ធពរទាំងឡាយ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






ដោយ ៖ វណ្ណលុក