អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់)នៅទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីការរកឃើញនៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការលើកមកបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា នេះធ្វើឡើងដើម្បីបង្ហាញពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយក្នុងនេះបានទម្លាក់ គ្រាប់បែក ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 លើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យចាប់ពីមានសង្រ្គាមរវាងកងទ័ពកម្ពុជា-ថៃចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥កន្លងមក ។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និង ផលិតក្នុងឆ្នាំ១៩៩៦ ។

ដោយឡែក លោក Len Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីត កងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនIMI (Israel Military Industries)របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ ។

ជុំវិញបញ្ហានេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ដែរថា”គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣ កើតទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ” ៕
ដោយ ៖ ម៉ាដេប៉ូ
