ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១នៅប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

តបតាមការយាងអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ីជីនពីង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចវិជ័យសេនា ទៀ បាញ់ និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស ជាច្រើនរូបផងដែរ។

ព្រះអង្គ នឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ ខែឧសភា ក្រោយបញ្ចប់វេទិកា។ក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី   សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ លោកប្រធានាធិបតី បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិត និងកិច្ចសហប្រតិបត្តិការ។

ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតី កាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។ កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ី និងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ី និងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងរៀបចំប្រារព្វបើក រួមទាំងមានវេទិកាតូចៗចំនួនប្រាំមួយទៀត ស្តីពីប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី និងការយល់ដឹងពីគ្នាទៅវិញទៅមក ហើយប្រទេសចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងពិព័រណ៍វប្បធម៌អាស៊ី វេទិកាប្រចាំសប្តាហ៍អរិយធម៌អាស៊ី ពិធីបុណ្យអាហារអាស៊ី និងសកម្មភាពដទៃទៀតផងដែរ។ សន្និសីទនេះនឹងអញ្ជើញមេដឹកនាំនយោបាយមកពីអាស៊ី បណ្តាប្រទេសដទៃទៀត ប្រធានអង្គការអន្តរជាតិដែលពាក់ព័ន្ធ និងអ្នកតំណាងមកពីគ្រប់ផ្នែកនៃមនុស្សជាតិដើម្បីចូលរួមផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner