សម្ដេចតេជោ ៖ ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព ។
តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងកាសែតថៃ បានចុះផ្សាយនាព្រឹកមិញ អំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព ។
សម្ដេចបញ្ជាក់ថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ ។
សម្ដេចបន្ថែមថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា
ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំ ដែលបាន និងកំពុងធ្វើ និងបន្តធ្វើតទៅទៀត លើកិច្ចការកងទ័ព ។
សម្ដេចតេជោថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ?
សម្ដេចបានរំលឹកថា សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិ រាប់ទាំងកិច្ចការកងទ័ព ។
សម្ដេចបន្តថា តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាល ជាមួយកងទ័ពនោះឡើយ ។
សម្ដេចតេជោ ហ៊ុន សែន សូមឱ្យប្រជាជនកម្ពុជា ជឿទុកចិត្តលេីសមត្ថភាពរបស់សម្ដេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាល លេីការងារកងទ័ព ៕
ដោយ ៖ វណ្ណលុក

