សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនាព្រលប់ថ្ងៃទី៤ ខែសីហា នេះថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។
សម្តេចតេជោបានបញ្ចាក់ថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?
សម្តេចតេជោបានបញ្ចាក់ទៀតថា ៖ សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕
ដោយ៖ពលជ័យ

