សន្និសឹទឈ្វេងយល់អំពីបុណ្យវិសាខបូជានៅវត្តរាជបូណ៍ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមារប៖ ពិធីបុណ្យវិសាខបូជា ដែលជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធ ថ្ងៃ១៥កើត ខែពិសាខ ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកជាទិវាអន្តរជាតិ ទទួលស្គាល់ជាសាកល ក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយភូមិគ្រឹះអប់រំចិត្តផ្កាឈូក សាលាខេត្តសៀមរាប ពុទ្ធិកវិទ្យាល័យរាជបូណ៌ និង សមាគមជីវិតនិងក្តីសង្ឃឹម រៀបចំសន្និសឹទឈ្វេងយល់អំពីបុណ្យវិសាខបូជា នៅឧបដ្ឋានសាលាវត្តរាជបូណ៌(ក្រុងសៀមរាប) នារសៀលថ្ងៃអាទិត្យ ៩កើត ខែពិសាខ ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គស២០១៩ ក្រោមរាជាធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌(ខេត្តសៀមរាប) និងមានព្រះភិក្ខុសង្ឃ និមន្តចូលរួមជាព្រះវាគ្មិន ចំនួន៤អង្គ ផ្សេងទៀត ។

នៅក្នុងអង្គសន្និសឹទដ៏មានសារសំខាន់នេះ តាមរយៈនៃការប្រគេនសំណួរ បានបង្ហាញនូវការយល់ដឹងថា ការដែលប្រារឰពិធីបូជានា ថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត្រចាកឧទរមាតា ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ និងថ្ងៃដែលទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន ។

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធ សមណគោត្ដមព្រះបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ សម្ដេចព្រះបរមសាស្ដ្រាចារ្យ ទ្រង់ប្រសូតត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ ។

នៅក្នុងកម្មវិធីឈ្វេងយល់អំពីបុណ្យវិសាខបូជានេះ ក៏ជាការបង្ហាញនូវការយល់ដឹងផងដែរ ដែលប្រជាពលរដ្ឋកម្ពុជា សូម្បីតែពុទ្ធបរស័ទមួយចំនួន នៅមានចម្ងល់ថា ហេតុអ្វីនៅពេលឆ្លងសង្ក្រាន្តឆ្នាំថ្មីរួចហើយ នៅមិនទាន់ឆ្លងពុទ្ធសករាជ ? ព្រះវាគ្មិនពន្យល់ថា ពុទ្ធសករាជគឺចាប់រាប់ចេញពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធយាងចូលព្រះបរិនិព្វាន ហើយបុណ្យវិសាខបូជាដែលប្រព្រឹត្តិទៅនៅថ្ងៃ១៥កើតខែពិសាខ គឺជាថ្ងៃរំលឹកព្រះសម្មាសម្ពុទ្ធចូលនិព្វាននោះហើយ ដូច្នេះថ្ងៃឆ្លងព្រះពុទ្ធសករាជ គឺថ្ងៃ១៥កើត ឈានចូលថ្ងៃ១រោច ខែពិសាខនេះឯង ។

ព្រះវាគ្មិននៃកម្មវិធីនេះ បានបង្ហាញឲ្យដឹងទៀតថា អភិលក្ខិតសម័យទាំង៣ ថ្ងៃខួបព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និង ថ្ងៃខួបចូលបរិនិព្វាន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ចំថ្ងៃ១៥កើតតែមួយ ខុសតែឆ្នាំនេះ គឺជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ជាសាកល អំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាង២៥០០ឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវឥទ្ធិពល ក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិ តទៅ ។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner