ពិធីបើកទិវាជំងឺហេម៉ូហ្វីលាពិភពលោក នៅភោជនីយដ្ឋានអង្គរម៉ុងឌីយ៉ាល់ ក្នុងក្រុងសៀមរាប
សៀមរាប៖ ពិធីបើកទិវាជំងឺហេម៉ូហ្វីលាពិភពលោក នៅភោជនីយដ្ឋានអង្គរម៉ុងឌីយ៉ាល់ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានឲ្យដឹងថា យោងតាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្សចំនួន១ ម៉ឺននាក់ គឺមានម្នាក់ដែលកើតមកមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រ-កកនេះ មានមូលហេតុមកពីតំណរពូជប្រមាណ ៧០ ភាគរយ និងកើតឡើងដោយឯកឯងប្រមាណ៣០ភាគរយ ដូច្នេះនៅលើពិភពលោក មានជំងឺឈាមក្រ-កក មានប្រមាណជា ៦.៩លាននាក់ ក្នុងនោះ៧៥ភាគរយ នៃពួកគេ គឺពុំទាន់បានដឹង ខណៈដែលកម្ពុជាមានអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រ-កក ប្រហែលជាង៣ពាន់នាក់ ប៉ុន្តែគេរកឃើញត្រឹមតែជាង ១០០ នាក់ប៉ុណ្ណោះ ដែលមកព្យាបាល និងធ្វើរោគវិនិច្ឆ័យ ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ គឺនៅមន្ទីរពេទ្យកុមារជាតិ នៅរាជ ធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយនឹងវេជ្ជបណ្ឌិតតែពីររូបប៉ុណ្ណោះ ។
លោក សែម សុខបញ្ញា មានប្រសាសន៍ទៀតថា ក្នុងន័យទិវាជំងឺហេម៉ូហ្វីលាពិភពលោកនាពេលនេះ គឺមានសិក្ខាសាលាមួយផងដែរ ដែលធ្វើការផ្សព្វផ្សាយចំណេះដឹង ស្តីពីជំងឺឈាមក្រ-កក និងការព្យាបាលដោយចលនាសម្រាប់អ្នកជំងឺឈាមក្រ-កកនេះ ដែលគេហៅថា ជំងឺហេម៉ូហ្វីលា ដូច្នេះសិក្ខាកាមទាំងអស់ បង្កើនការយកចិត្តទុកដាក់ ដើម្បីរួមគ្នាការពារ និង ព្យាបាលជំងឺប្រភេទនេះ ។
លោក ផេង វ៉ាន់ អ្នកព្យាបាលដោយចលនានៃមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ការព្យាបាលដោយចលនា មានសារៈសំខាន់សម្រាប់ជួយដល់អ្នកជំងឺឈាមក្រ-កក ឱ្យគាត់ ចៀស ផុតពីពិការភាព ដូច្នេះជាការសំណូមពរដល់ក្រុមគ្រួសារ និងអ្នកជំងឺ ត្រូវមានការយល់ដឹងពីការព្យាបាលដោយចលនា គឺកាត់បន្ថយពីភាពពិការ។ លោក ស្រេង ស៊ុង ប្រធានអ្នកគាំទ្រជំងឺហេម៉ូហ្វីលាកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងពីវឌ្ឍនភាពក្នុងការជួយដល់អ្នកជំងឺថា បច្ចុប្បន្នភាពនៅតំបន់សៀមរាបនេះ មានអ្នកជំងឺចំនួន ១០៨នាក់ ហើយមន្ទីរពេទ្យកុមារអង្គរ បានសម្រេចនឹងទទួលព្យាបាលអ្នកជំងឺពេញវ័យ តែមិនអនុញ្ញាតឱ្យអ្នកជំងឺពេញវ័យនេះសម្រាក និងស្នាក់នៅក្នុងមន្ទីរពេទ្យទេ ។
សូមបញ្ជាក់ថា ជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រ-កក ជាជំងឺដែលមានតាំងពីកំណើត និងតំណពូជដែលកើតមកពីឪពុកម្តាយ ជាពិសេសគឺម្តាយ ជាអ្នកផ្ទុកជំងឺនេះមកឲ្យកូន ហើយភាគច្រើនទៅលើកូនប្រុស រីឯកូនស្រីជាអ្នកផ្ទុកជំងឺឆ្លងបន្តទៅទៀត ហើយជំងឺនេះ ធ្វើអ្នកជំងឺហើម ជាំ ទៅលើសារពាង្គកាយ ឬបង្កឲ្យមានការហូរឈាមទៅតាមសន្លាក់ និង ឈឺចាប់ខ្លាំងបំផុត នៅពេលដែលប៉ះពាល់ទង្គិចលើសរីរាង្គអ្នកជំងឺ និងធ្ងន់ធ្ងរបំផុត គឺការហូរឈាមនៅខួរក្បាល ម្យ៉ាងវិញទៀត គឺអាចក្លាយឲ្យមានពិការភាព និងបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។
គឺជាជំងឺម្យ៉ាងដែលអាចបណ្តាលឲ្យហូរឈាម ហើយអ្នកជំងឺហេម៉ូហ្វីលា មិនមានការហូរឈាមលឿនជាងធម្មតានោះទេ ប៉ុន្តែការហូរឈាមនេះ មានរយៈពេលយូរជាងធម្មតា ដោយសារតែឈាម ដែលមានជំងឺហេម៉ូហ្វីលា មិនមានសារធាតុ កត្តាឈាមកកគ្រប់គ្រាន់ (Clotting Factor) ដូច្នេះ កត្តាឈាមកក គឺជាប្រូតេអ៊ីនម្យ៉ាងនៅក្នុងឈាម ដែលអាចត្រួតពិនិត្យទៅលើការហូរឈាម៕ធ.ដ
ដោយ ស៊ាន សុផាត