អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស ក្នុងពេលប្រយុទ្ធ ជាមួយកងទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន៤ ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន ៤០នាក់ ដែលបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា ។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់
សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនវីរយុទ្ធជនយើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
ទន្ទឹមគ្នានោះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរព ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនកំពុងឈរជើងនៅតាមសមរភូមិមុខ ដែលតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
ឯកឧត្តមអនុប្រធានទី១ បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួន ជូនដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបង្ហាញ ពីមនោសញ្ចេតនាជាភាតរៈ រួមសុខ រួមទុក្ខជាមួយបងប្អូនវីរយុទ្ធជនជាទីគោរព។
ជាការឆ្លើយតប វីរយុទ្ធជនរបស់យើង បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដែលជានិច្ចកាល តែងតែផ្សារភ្ជាប់ ជាមួយនឹងវីរយុទ្ធជននៅគ្រប់កាលៈទេសៈ និងបានបំពេញតួនាទីដឹកនាំប្រទេសជាតិដ៏ឧត្តុងឧត្តម ពោរពេញទៅដោយវីរភាពអង់អាចក្លាហាន ជាពុម្ពគំរូសម្រាប់វរយុទ្ធជន និងប្រជាពលរដ្ឋគ្រប់រូប នៅទូទាំងប្រទេស សមស្របតាម ពាក្យស្លោក “ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ ៕











ដោយ ៖ វណ្ណលុក