ស្រុកបារាយណ៍ និងស្រុកតាំងគោក សម្រេចបានធនធានមនុស្សថ្មី ២៨៥នាក់ លើជំនាញទេសចរណ៍ និងកុំព្យូទ័រកម្រិតបឋម

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពី ទទួលបានអគារសិក្សា មួយខ្នង ពីជំនួយសប្បុរសធម៌ តាមរយៈការសម្របសម្រួល ពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានគណៈពង្រឹងចុះ ជួយមូលដ្ឋាន ស្រុកបារាយណ៍ និងស្រុក តាំងគោក ខេត្តកំពង់ធំ កូនចៅ របស់ប្រជាពលរដ្ឋ ក្នុងស្រុកទាំងពីរនេះ បានទទួលការបណ្ដុះបណ្ដាល យ៉ាងយកចិត្តទុកដាក់លើជំនាញ វិជ្ជាជីវៈទេសចរណ៍ និងជំនាញកុំព្យូទ័រកម្រិតបឋម។

បន្ទាប់ពីឆ្លងកាត់ ការបណ្ដុះបណ្ដាលនេះរួចមក សិស្សានុសិស្សចំនួន ២៨៥នាក់ បន្ថែមទៀត បានទទួល នូវវិញ្ញាបនបត្រ ផ្ទាល់ដៃពី ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក្នុងនោះមានផ្នែកជំនាញ វិជ្ជាជីវៈទេសចរណ៍ ចំនួន ៧៧នាក់ (សេវាកម្ម បម្រើតុការ ពិធីការ និងបដិសណ្ឋារកិច្ច) និងជំនាញកុំព្យូទ័រ ចំនួន ២០៨នាក់។ ពិធីអបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងនៅ សាលាបណ្តុះបណ្តាល វិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា សមិទ្ធផលនាថ្ងៃនេះ គឺកើតឡើងមិនមែន ដោយចៃដន្យនោះឡើង វាគឺពិតជា កើតចេញពី ការសហការ ការចូលរួម និងកិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន និងសម្រាប់ជា ថ្នាលបណ្តុះបណ្តាល បំពាក់បំប៉ន ជំនាញដល់យុវជន សិស្សានុសិស្ស និងប្រជាជន នៅក្នុងមូលដ្ឋាន ឱ្យទទួលបានជំនាញ មួយជាក់លាក់សម្រាប់ប្រើប្រាស់ ជាអាជីព ដែលអាចជួយ សម្រួលដល់ជីវភាព របស់ខ្លួននៅថ្ងៃអនាគត ជាពិសេស ដើម្បីអភិវឌ្ឍន៍ខ្លួនជាធនធាន មនុស្សមួយ ដែលប្រកប ដោយសមត្ថភាព ជំនាញ និងឥរិយាបថល្អ ស្របតាមស្តង់ដា ដើម្បីចូលរួម អភិវឌ្ឍន៍មូលដ្ឋាន ស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ។

ឯកឧត្តម បានបន្តថា សមិទ្ធផលថ្មីៗមួយទៀត ដែលកើតចេញពីកិច្ចសហការភាពជាដៃគូ និងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមការកសាងធនធានមនុស្សនៅមូលដ្ឋាន និងចូលរួមកសាងសង្គមជាតិទាំងមូល។ ឯកឧត្តម ស្នើក្រុមការងារទាំងអស់ ដែលចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក និងនាយកដ្ឋានជំនាញរបស់ក្រសួងទេសចរណ៍ បន្តជួយគាំទ្រដល់ដំណើរការសាលានេះ ដើម្បីធានាឱ្យបានថាសាលានេះនឹងក្លាយជាសាលាស្តង់ដា និងជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគំរូ ដែលប្រើប្រាស់នូវឯកសារស្តង់ដា កម្មវិធីបណ្តុះបណ្តាល និងឧបករណ៍បណ្តុះបណ្តាលស្របតាមស្តង់ដាជាតិ តំបន់អាស៊ាន និងអន្តរជាតិ សម្រាប់ធ្វើការបណ្តុះបណ្តាលដល់យុវជន សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាល ជំនាញ និងតម្រូវការទីផ្សារ ការងារនៅក្នុងមូលដ្ឋាន ឯកឧត្តម ថោង ខុន បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសសាលា និងក្រុមហ៊ុន ដែលជាដៃគូ បន្តជួយគាំទ្រ ដល់សាលានេះបន្តទៀត។
ឯកឧត្តម រដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់យុវជន សិស្សានុសិស្ស និងបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យសេវាកម្មទាំងអស់នៅស្រុកបារាយណ៍ និងស្រុកតាំងគោក មកចុះឈ្មោះចូលរៀនសម្រាប់វគ្គបណ្តុះបណ្តាល ដែលសាលានឹងរៀបចំបើកនាពេលខាងមុខនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងពិតប្រាកដឱ្យបានគ្រប់ៗគ្នា ព្រោះថាជំនាញគឺជាជីវិតរបស់យើង នៅពេលដែលមានជំនាញ សិស្សានុសិស្សទាំងអស់នឹងមានការងារធ្វើដែលប្រាក់ខែសមរម្យ ដែលអាចជួយសម្រាលដល់ជីវភាពរបស់ក្រុមគ្រួសារ។

ក្នុងពិធីខាងលើនោះ ក៏មានការឧបត្ថម្ភសម្ភារកុំព្យូទ័រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ផងដែរ ក្នុងនោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានផ្តល់កុំព្យូទ័រចំនួន ៨គ្រឿង វិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ច EPI បានផ្តល់កុំព្យូទ័រចំនួន ៥គ្រឿង សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន ៥គ្រឿង និងវិទ្យាស្ថានលើទន្លេចំនួន ២គ្រឿង សរុបទាំងអសចំនួន២០គ្រឿងបន្ថែម។

ជាមួយគ្នានោះ លោក គីម ចន្ទតារា អ្នកផ្តល់សេវាអគ្គិសនី បានជួយឧបត្ថម្ភ ថាមពលអគិ្គសនី ២០០គីឡូវ៉ាត់ម៉ោង រៀងរាល់ខែ និងបន្ថែមដល់ ៣០០គីឡូវ៉ាត់ម៉ោង រៀងរាល់ខែបន្ថែមទៀត ចាប់ពី ខែឧសភានេះទៅ។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍នេះ ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភ របស់ក្រុមហ៊ុមន Phoenix voyage របស់បារាំង ក្នុងចំនួនទឹកប្រាក់ ប្រមាណ ៦មុឺនដុល្លារ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ដល់កូនចៅប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក។ ចាប់ឆ្នាំ២០០៩មក សាលាតូច មួយនេះ បានបណ្តុះបណ្តាលសិស្សានុសិស្សជាង ១០០០នាក់ហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner