អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ទាំងមន្រ្តី អ្នកសារព័ត៌មានថៃ តែងបង្កើត និងប្រឌិតព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់ញុះញង់មហាសាមគ្គីជាតិដ៏រឹងមាំរបស់កម្ពុជា
(ភ្នំពេញ)៖ ទាំងមន្រ្តីជាច្រើនរបស់ថៃ ក្នុងនេះទាំងមន្រ្តីស៊ីវិល មន្រ្តីយោធា ទាំងអ្នកសារព័ត៌មានថៃ តែងប្រឌិតព័ត៌មានក្លែងក្លាយកុហកជាច្រើន ក្នុងចេតនាមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកម្ពុជាក្នុងចេតនា បញ្ឆេះកំហឹង ពលរដ្ឋខ្មែរឱ្យខឹងចំពោះថ្នាក់ដឹកនាំ ដើម្បីបំបែកបំពាក់មហាសាមគ្គីភាពជាតិដ៏រឹងមាំរបស់កម្ពុជា ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ៖ ក្រៅពីការបង្កើតព័ត៌មានក្លែងក្លាយហើយ អ្វីដែលហួសចិត្តមួយទៀតនោះ គឺនៅពេលដែលពួកគេបង្កើតព័ត៌មានក្លែងក្លាយ តែមន្រ្តីម្នាក់ៗរបស់ប្រទេសមួយនេះបែរជានិយាយថាកម្ពុជាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយទៅវិញ ដែលការនេះធ្វើឡើងដើម្បីគ្រាន់តែបិទបាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តិអាក្រក់ប៉ុណ្ណោះ ។
ឯកឧត្តមបានថ្លែងដែរថា ៖ ”ការនិយាយភូតកុហកទាំងនេះមិនសមទំនងទាល់តែសោះពោលគឺការភូតកុហក និងមួលបង្កាច់ ចំពោះរឿងដែលគ្រប់គ្នាបានដឹងអស់ទៅហើយ ។ ដូចនេះវាប្រហែលអាចធ្វើឱ្យប្រជាជនថៃមួយចំនួនតូចជឿ តែប្រជាពលរដ្ឋខ្មែរ សាធារណៈមតិអន្តរជាតិជាទូទៅ មិនជឿទាល់តែសោះ។ពេលនេះអ្វីៗទាំងអស់បានបើកចំហរនៅចំពោះមុខក្រសែភ្នែកមហាជន និងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយទៅហើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសុំបញ្ជាក់ជូនភាគីថៃវិញថាពេលនេះគឹជាពេលវេលាដែលភាគីទាំងពីរត្រូវបោះជំហ៊ានបង្ហាញការប្តេជ្ញាចិត្ត ដ៏ស្មោះត្រង់ និងមានសុឆន្ទះក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងរក្សាសុខសន្តិភាព ភាពសុខសាន្តរវាងប្រជាពលរដ្ឋប្រទេសទាំងពីរគឺកម្ពុជា-ថៃ ៕
ដោយ ៖ ម៉ាដេប៉ូ
