លោក ត្រាំ រន្ធត់ចិត្តខ្លាំងនឹងវីដេអូចំណាប់ខ្មាំងនៅហ្គាហ្សា
បរទេស ៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែសីហា បង្ហាញការរន្ធត់ចិត្តជាខ្លាំង ពេលបានឃើញវីដេអូ របស់ក្រុមសកម្មប្រយុទ្ធ Hamas ដែលបង្ហាញពីស្ថានភាពចំណាប់ខ្មាំង ស្គមស្លេកស្លាំង ជាប់នៅតំបន់ហ្គាហ្សា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត ព្រមទាំង ថ្កោលទោស ចំពោះវីដេអូរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ឈ្មោះ Evyatar David ដែលជាប់នៅក្នុងផ្លូវរូងក្រោមដី។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «វាគួរឱ្យរន្ធត់ណាស់ ហើយខ្ញុំសង្ឃឹមថា មនុស្សជាច្រើននឹងបានឃើញ… ខ្ញុំគិតថា វាជារឿងដ៏អាក្រក់»។
ក្រុមប្រដាប់អាវុធ នៃ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃទី១ សីហា បានបង្ហាញមុខចំណាប់ខ្មាំង អាយុ២៤ឆ្នាំ រូបនេះ ជាមួយនឹងការខ្វះអាហារូបត្ថម្ភ ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៣១ ខែកក្កដា ស្លាបប្រដាប់អាវុធ របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន អ៊ីស្លាម Jihad ក៏បានបង្ហាញមុខ ចំណាប់ខ្មាំងម្នាក់ផ្សេងទៀតដែរ ឈ្មោះ Rom Braslavski៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

