សាកសពជាច្រើនរសាត់មកទើរលើឆ្នេរ ក្រោយទូកដឹកជនភៀសខ្លួនលិចនៅយេម៉ែន

សាណាអា ៖ សាកសាពជាច្រើនបានអណ្តែតមកទើរនៅលើឆ្នេរសមុទ្រ បន្ទាប់ពីទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិអេត្យូពី បានក្រឡប់លិចនៅក្នុងដែនទឹករបស់ប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៦នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានបញ្ជាក់ថា ទូកនោះដឹកជនអន្តោប្រវេសន៍ប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក Ahwar ក្នុងខេត្ត Abyan ភាគខាងត្បូងប្រទេសយេម៉ែន នៅលើសមុទ្រអារ៉ាប់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។

សោកនាដកម្មនេះ គឺជាគ្រោះថ្នាក់ចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងការលិចទូកជាបន្តបន្ទាប់នៅសមុទ្រយេម៉ែន ដែលបានសម្លាប់ជនអន្តោប្រវេសន៍អាហ្រ្វិករាប់រយនាក់ ដែលសង្ឃឹមថា នឹងអាចរសាត់អណ្តែតទៅដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអ្នកមានផ្សេងទៀតនៅតំបន់ឈូងសមុទ្រ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមក្រពះ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិបានពណ៌នាផ្លូវទឹកពីតំបន់អាហ្វ្រិក ទៅយេម៉ែនថា ជាផ្លូវធ្វើអន្តោប្រវេសន៍ចម្រុះដ៏មមាញឹកបំផុត និងគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក ហើយទីភ្នាក់ងារ IOM បានកត់ត្រាការមកដល់នៃជនអន្តោប្រវេសន៍ជាង ៦០.០០០នាក់នៅយេម៉ែនកាលពីឆ្នាំមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner