ក្រសួងការងារ សូមច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។

លោក ស៊ុន មេសា បញ្ជាក់ថា ៖ “ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។

ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។

បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃនៅតាមឃុំចំនួន៣០០កន្លែងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យពលរដ្ឋខ្មែរនៅក្នុងស្រុកមេត្តាជួយផ្សព្វផ្សាយស្តីពីឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាដែលយើងមានឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner