រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញ-វៀតណាមបើកលឿនបុកម៉ូតូស្លាប់ម្នាក់
ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងពីប្រទេសវៀតណាមមកកាន់រាជធានីភ្នំពេញ បុកនៅលើចំណែកផ្លូវម៉ូតូ អ្នកបើកបររថយន្តព្យាយាមរត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោលកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយប្រភេទរថយន្តក្រុងធុនធំពណ៌សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ3C-6597ជារថយន្តក្រុមហ៊ុន D D ដឹកអ្នកដំណើរ ភ្នំពេញ វៀតណាម) បើកបរ ដោយឈ្មោះ លឹម បូរ៉ា ភេទប្រុសអាយុ៣៤ ឆ្នាំមានមុខរបរបើកបររស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ូតូរងគ្រោះម៉ាកHONDA ស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ.1GF-6710 ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ពាង សុីណា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមានមុខរបរកម្មកររស់នៅភូមិព្រៃផ្ញា ឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង(ស្លាប់នៅ និងកន្លែងកើតហេតុ)។
នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងទិសដៅអ្នកលឿងភ្នំពេញក្នុងល្បឿនលឿនខ្លាំងលុះដល់ចំណុចកើតហេតុទំនងជាឡើងជែងគេ ចូលទៅចំណែកផ្លូវម៉ូតូដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូកៀបអ្នកបើកបរម៉ូតូជាប់ស្លាប់ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តមិននៅទទួលខុសត្រូវនោះទេព្យាយាមរត់គេចខ្លួនបាត់។ ភ្លាមនោះដែរនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានចុះទៅដល់ជួយអន្តរាគមន៍វាស់វែង និងសន្និដ្ឋាន រួចប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំបន្ថែមបញ្ជូន មកកាន់ស្នងការខេត្តកណ្តាលផ្នែកចរាចរណ៍ដើម្បីបន្តនីតិវិធីច្បាប់ ។
ពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១និយាយថា រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងវៀតណាមមកភ្នំពេញនេះ បើកលឿនៗណាស់បើកជែងគេជែងឯងយកតែពីឈ្នះដៃ មិនគិតអាយុជីវិតអ្នកដំណើរនោះទេ មិនដឹងជាច្បាប់នៅក្រុមហ៊ុនគេនឹងយ៉ាងម៉េចទេ បានជាបើកមិនប្រណីសោះ ។ ពលរដ្ឋសំណូមពរដល់ក្រសួងទេសចរណ៍ពិនិត្យ ក្រុមហ៊ុនមួយនេះ និងធ្វើលក្ខ័ណឲ្យក្រុមហ៊ុនណែនាំដល់អ្នកបើកបរគោរពច្បាប់ចរាចរណ៍ផង និងបើកឲ្យសមល្បឿន និងផ្លូវចង្អៀតឬផ្លូវវាលផងកុំដឹងតែលឿនបែបនេះ៕ធ.ដ