រុស្ស៊ីថា ខ្លួនលែងរឹតត្បិតការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យមទៀតហើយ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃទី៥ ខែសីហាថា ប្រទេសរុស្ស៊ីលែងមានការរឹតបន្តឹងលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយជិតតទៅទៀតហើយ។

ការអត្ថាធិប្បាយរបស់លោក Peskov ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ទីក្រុងមូស្គូលែងគោរពតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដោយលើកហេតុផលថា ការបង្កើនអស្ថិរភាពរបស់ប្រទេសលោកខាងលិច ក្នុងតំបន់ដែលនៅជាប់នឹងរុស្ស៊ី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសរបស់ខ្លួន។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងការត្រៀមដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស។ ហើយការដួលរលំសន្ធិសញ្ញា INF នឹងបើកដៃប្រទេសនានាលើពិភពលោក បង្កើនការប្រណាំងប្រជែងសព្វាវុធថ្មីៗ ពិសេសអាវុធនុយក្លេអ៊ែរទាំងនៅអឺរ៉ុប និងអាស៊ី។
គួរកត់សម្គាល់ សន្ធិសញ្ញា INF គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៨៧ ដោយអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និងអតីតមេដឹកនាំសូវៀត លោក Mikhail Gorbachev។ អាមេរិកបានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពី INF ក្នុងឆ្នាំ២០១៩។
សន្ធិសញ្ញានេះ បានហាមប្រាមរាល់មីស៊ីលបាលិស្ទិក និងមីស៊ីលបញ្ជាទិស ដែលបាញ់ចេញពីផ្ទៃដី និង មានរយៈចម្ងាយពី ៥០០ទៅ៥.៥០០គីឡូម៉ែត្រ។ INF បាននាំឲ្យមានការបំផ្លាញមីស៊ីលជាង ២.៦០០គ្រាប់៕
ប្រភព ៖ AFP និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា
