រដ្ឋអាជ្ញាកូរ៉េខាងត្បូងសាកសួរអតីតស្ត្រីទី១ ដែលជាប់ចោទពីបទពុករលួយ
បរទេស ៖ នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ នេះ រដ្ឋអាជ្ញា នៃ ប្រទេសកូរ៉េខាងត្បូង បានសាកសួរ អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee ជុំវិញការចោទប្រកាន់មួយចំនួន រួមទាំង រឿងអាស្រូវភាគហ៊ុន និង ទទួលសំណូក។
ការសួរដេញដោលនេះ ធ្វើឡើង ស្របពេលស្វាមី ដែលជាអតីតប្រធានាធិបតី លោក Yoon Suk Yeol នៅតែស្ថិតក្នុងការឃុំខ្លួន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក កាលពីខែធ្នូ ដែលបានផ្អាកការគ្រប់គ្រងបែបស៊ីវិល មួយរយៈពេលខ្លី មុនពេលត្រូវបានសភាទម្លាក់ចោល ច្បាប់នេះវិញ។
រដ្ឋអាជ្ញា ត្រូវបានគេជឿថា នឹងស្វែងរកដីកា ចាប់ខ្លួនលោកស្រី Kim បន្ទាប់ពីការសួរចម្លើយ។
ប្រសិនបើត្រូវបានអនុញ្ញាត ដីកាចាប់ខ្លួនបែបនេះ នឹងកត់សម្គាល់ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលអតីតប្រធានាធិបតី និងស្ត្រីទីមួយ ត្រូវបានចាប់ខ្លួន។
លោកស្រី Kim ត្រូវបានចោទប្រកាន់ ពីបទឃុបឃិត ជាមួយពាណិជ្ជករ ជុំវិញតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនមួយ នៅចន្លោះឆ្នាំ ២០០៩ និង ២០១២។ លោកស្រី ក៏ត្រូវបានគេចោទប្រកាន់ថា បានទទួលយកអំណោយ ដ៏ប្រណិត រួមទាំង កាបូបតម្លៃ ២,២០០ដុល្លារអាមេរិក ដោយរងការចោទថា បំពានច្បាប់ ប្រឆាំងអំពើពុករលួយ។
មុនពេលចូលតុលាការ លោកស្រី បាននិយាយថា «ខ្ញុំសុំទោសដោយស្មោះ ចំពោះការបង្កបញ្ហា ខ្ញុំនឹងសហការយ៉ាងពេញលេញ ជាមួយនឹងការស៊ើបអង្កេត» ។
ការសួរដេញដោលរបស់លោកស្រី Kim បានទាក់ទាញចំណាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ដោយមានអ្នកកាសែត ក្នុងស្រុក ដើរតាមរថយន្ត ធ្វើដំណើរ ទៅកាន់ការិយាល័យរដ្ឋអាជ្ញា នៅទីក្រុងសេអ៊ូល។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ លោកស្រី Kim និង លោក Yoon បានប្រមូលផ្តុំគ្នា នៅខាងក្រៅការិយាល័យ ដោយគ្រវីទង់ជាតិ និង កាន់បដា ដែលសរសេរថា «អ្នកស៊ើបអង្កេត ត្រូវតែមានភាពយុត្តិធម៌»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត