សម្ដេចធិបតី បង្ហាញការរំភើបដោយបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី​ឯកភាពជា​តិរបស់ពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំមានការរំភើប​ដោយក្នុង​មួយ​រយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរ​នៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាម​ទារ​ឱ្យថៃ​ដោះ​លែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់​កងទ័ពថៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូន​ប្រជា​ពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាព​ទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែល​ជា​​កត្តា​សំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់​នូវស្មារតី​ស្រឡាញ់​សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។

រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និង​ការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃឱ្យ​បានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមាន​ការ​ចូល​រួម​សង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នា​អំពីការ​ជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។

ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រង​របស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាម​រយៈគ្រប់​យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជា​វិញ​ឱ្យបានឆាប់រហ័សជាទីបំផុត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner