អ្នកនាំពាក្យក្រសួងការពារជាតិ៖អាមេរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និង បង្កើតក្រុមការងារអ្នកសង្កេtការណ៍ អាស៊ានឱ្យបានលឿនបំផុត
ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថាសហរដ្ឋអាមេរិកបានបញ្ជាក់ពីគោលជំហររបស់ ខ្លួនដោយនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឱ្យបានលឿនបំផុតសំដៅបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថាក្រៅពីបង្ហាញការប្តេជ្ញាចិត្តជម្លោះព្រំដែនកម្ពុជានេះសសហរដ្ឋអាមេរិកក៏នឹងធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំងប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារទំនើបៗជាច្រើនទៀត។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យខាងលើការបង្ហាញពីការចូលរួមដោះស្រាយបញ្ហាជម្រោះព្រំដែនរវាងកម្ពុជា-ថៃពីសំណាក់សហរដ្ឋអាមេរិកនេះធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃពុធទី៦ ខែសីហា បានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។
លោកជំទាវបានគូសរំលេចខ្លឹមសារនៃជំនួបនេះថា លោក Edgard Kagan បានបង្ហាញពីជំហររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។លោកទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឱ្យការអនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារ អ្នកសង្កេតការណ៍អាស៊ាន (AMT) ឱ្យបានលឿនបំផុត។
សហរដ្ឋអាមេរិក បានបង្ហាញពីអ្វី ដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះ បង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ ក្នុងការចូលរួមឱ្យមានសន្តិភាពកើតមានឡើងយ៉ាងពិតប្រាកដ។នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់៕
ដោយ៖ម៉ាដេប៉ូ

