UN ថា អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីន ជាមធ្យម ២៨នាក់ ក្នុងមួយថ្ងៃ

ហ្គាហ្សា ៖ អង្គការសហប្រជាជាតិ បានឲ្យដឹង កាលពីថ្ងៃទី៥ ខែសីហា ថា នៅតំបន់ហ្គាហ្សា ក្នុង១ថ្ងៃ មានកុមារប៉ាឡេស្ទីនស្លាប់ ជាមធ្យម ចំនួន២៨នាក់ ព្រោះស្នាដៃរបស់អ៊ីស្រាអែល ស្របពេលដែលសង្គ្រាមអូសបន្លាយ ជាង២ឆ្នាំ មកនេះ បានឆក់យកជីវិតមនុស្ស ជាង៦ម៉ឺននាក់ហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Aljazeera ។

មូលនិធិកុមារ របស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានបង្ហោះ តាមរយៈបណ្តាញសង្គម X ថា ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ព្រមទាំង ការរឹតបន្តឹង លើការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដែលនាំឲ្យមានកង្វះអាហារូបត្ថម្ភ និង ការអត់ឃ្លាន បូករួមនឹង ការមិនទទួលបានសេវាកម្មសំខាន់ៗ ជាច្រើនទៀត បានបណ្តាលឲ្យកុមារ ជាមធ្យម ចំនួន២៨នាក់ បានស្លាប់ ក្នុងមួយថ្ងៃ ដែលស្មើនឹង ទំហំនៃសិស្សមួយថ្នាក់រៀន។ ប្រភពបន្តថា ជារួម ចាប់តាំងពីការចាប់ផ្តើម នៃ សង្រ្គាមប្រល័យពូជសាសន៍ នៅលើតំបន់ហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់កុមារ សរុបជាង ១៨,០០០នាក់ ហើយ ដែលមានន័យថា កុមារម្នាក់ស្លាប់ ជារៀងរាល់ម៉ោង។

ការណ៍នេះ នាំឲ្យទីភ្នាក់ងារ UNICEF បានសង្កត់ធ្ងន់ថា កុមារនៅហ្គាហ្សា កំពុងត្រូវការជាបន្ទាន់ នូវអាហារ ទឹកស្អាត ឱសថ និង ការការពារ ដោយបន្ថែមថា ពួកគេត្រូវការបទឈប់បាញ់ ឥឡូវនេះ ជាបន្ទាន់។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន សរុបចំនួន ៦០.៩៣៣ នាក់ ហើយ ជាង១៥ម៉ឺននាក់ទៀត រងរបួស ចាប់តាំងពីផ្ទុះសង្គ្រាមមក។ អ៊ីស្រាអែល បានបន្តវាយសង្ក្រុប ដើម្បីទុកជាការសងសឹក នឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សម្លាប់មនុស្ស ជាង១ពាន់នាក់៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner