លោក Trump ចង់ឲ្យលោក JD Vance ឡើងកាន់តំណែងប្រធានាធិបតីបន្ទាប់
អាមេរិក ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបពីបំណងចង់ឲ្យអ្នកបន្តវេនបន្ទាប់ ពីរូបលោក នោះ គឺ លោក JD Vance អនុប្រធានាធិបតី បច្ចុប្បន្ន។
ឆ្លើយតបនឹងសំណួរបស់អ្នកកាសែត កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានបង្ហាញតំរុយ ថា លោក JD Vance ទំនងនឹងក្លាយជាអ្នកបន្តវេនពីរូបលោក សម្រាប់បេក្ខភាពប្រធានាធិបតី កូតាបក្សសាធារណរដ្ឋ នៅឆ្នាំ២០២៨ ដោយលើកហេតុផលថា លោក JD Vance ជាអនុប្រធានាធិបតី ស្រាប់នាពេលបច្ចុប្បន្ន ដូច្នេះ ជារឿងសាកសមបំផុត។
ជាការកត់សម្គាល់ លោក Trump តែបដិសេធ កាលពីអតីតកាល ក្នុងការផ្តល់នូវការយល់ព្រមណាមួយ សម្រាប់អ្នកស្នងតំណែង ឆ្នាំ ២០២៨ ។ តែ លោកធ្លាប់បាននិយាយ កាលពីខែកុម្ភៈ ថា លោក JD Vance “មានសមត្ថភាពខ្លាំង” ប៉ុន្តែ អះអាងថា វាលឿនពេកក្នុងការសម្រេចឲ្យលោក ក្លាយជាបេក្ខជន នាំមុខគេ។
លោក Vance វ័យ៤០ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងរដ្ឋបាលនៃអាណត្តិទី២ របស់លោក ត្រាំ ដោយបម្រើជាអ្នកការទូតគន្លឹះម្នាក់ និងជាអ្នកតំណាងកំពូលមួយរូប ក្នុងការលើកកម្ពស់គោលនយោបាយក្នុងស្រុករបស់លោក ត្រាំ នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងគោលនយោបាយការបរទេស នៅក្រៅប្រទេស។
លោក Donald Trump បានឱ្យយោបល់ទៀតថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio នឹងឈរជាបេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោត នាពេលអនាគត ផងដែរ៕
ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត
