គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៦តោនត្រូវបានដុតបំផ្លាញចោល
កណ្តាល៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វត្ថុតាងរួមមាន គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៦តោន ត្រូវបានដុតបំផ្លាញចោលតាមសេចក្តីសម្រេច និងតាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ។
ពិធីដុតបំផ្លាញប្រព្រឹត្តទៅនៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំព្រែគយ ស្រុកស្អាង ខេត្តកណ្ដាលស្របពេលជាមួយគ្នានឹងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។
ក្នុងរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម លាង ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ឱ្យដឹងថា ការដុតបំផ្លាញនេះធ្វើឡើងតាមសេចក្តីសម្រេច និងតាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះប្រមូលបានពីសាលាដំបូងខេត្តកណ្តាលសរុបចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញសរុបចំនួន ១៣៣ សំណុំរឿង រួមមាន៖សារធាតុញៀនគ្រប់ប្រភេទ, សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារៈពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលអាចដុតបំផ្លាញចោលបាន សរុបរួមមានចំនួន ៦,៣៥៧,៤១១.១២ ក្រាម (៦ តោន ៣៥៧ គីឡូ ៤១១.១២ ក្រាម) ។
ក្នុងឱកាសនេះឯកឧត្ដម គួច ចំរើន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធនិងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច គ្រប់ករណីបទល្មើសគ្រឿងញៀន)។
ចំណែកឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា៖ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់នូវការយកចិត្តទុក ដាក់ខ្ពស់ចំពោះសកម្មភាព ប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ នៅកម្ពុជាឱ្យដំណើការទៅមុខបានដោយរលូន និងទទួលលទ្ធផលល្អប្រសើរ ជាពិសេស គឺជាការឆ្លើយតប យ៉ាងច្បាស់លាស់ និងមោះមុតចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយអនុលោមតាមស្មារតី នៃផែនការលេខ ០១ ផក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា









