អាមេរិកបញ្ជាក់ជំហរ ចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន ឲ្យបានលឿនបំផុត ដើម្បីសន្តិភាពកម្ពុជា-ថៃ

អត្ថបទដោយ៖
Sophol Kung

(ម៉ាឡេស៊ី)៖ សហរដ្ឋអាមេរិក បានបង្ហាញពីការត្រៀមខ្លួនក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដរវាងកម្ពុជា-ថៃ តាមរយៈការអនុវត្តកិច្ចការជាបន្តបន្ទាប់រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយនឹងនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៦ សីហា ២០២៥ ម្សិលមិញ ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិកទាំង២រូប បានបញ្ជាក់ប្រាប់ឯកឧត្តមក្នុងជំនួបនោះ ពីជំហររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។

ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ទៀតថា នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព ហើយលោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។

មន្ត្រីអាមេរិក ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក ដែលរួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា «ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាតក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ ៕ »

ដោយ ៖ គង់ សុផល

ads banner