សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ
(ព្រៃវែង)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់គណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ ដែលពិធីបុណ្យសពធ្វើនៅគេហដ្ឋាន នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ស្ថិតក្នុងមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម វេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារសព ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «មរណភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់លោកព្រិន្ទលបាលឯក សំរិទ្ធ ព្រី គឺជាការបាត់បង់វីរយុទ្ធជន ដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តមោះមុតក្នុងសមរភូមិ ប្រយុទ្ធស៊ូប្តូរជីវិត តាមពាក្យស្លោក ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារសម្រាប់ចូលបុណ្យសព រួមមាន អង្ករ ១០០គីឡូក្រាម មីកញ្ចប់៥កេសត្រីខ៥យួរ និងទឹកក្រូច ៥កេស ព្រមទាំងថវិកាចំនួន ២០លានរៀល ៕





ដោយ / គ្រី សម្បត្តិ