ព្រឹទ្ធសភា សម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហានមោះមុត របស់វីរយុទ្ធជន ដែលលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា
(ព្រះវិហារ)៖ ព្រឹទ្ធសភា បានសម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហានមោះមុត របស់វីរយុទ្ធជន ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំនាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល ៩៥ នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣០នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅរសៀលថ្ងៃទី៦
ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធពរជ័យរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរយុទ្ធជន ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលស្នាមរបួសបង្កឡើងដោយសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃថោកទាបរបស់កងទ័ពថៃ មកលើបូរណភាព ដែនដីកម្ពុជា។
ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ និងសម្តែងនូវគារវកិច្ច គោរពចំពោះវីរភាពអង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជន ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យ ជូនដល់វីរយុទ្ធដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយ និងវីរយុទ្ធជន ក្នុងសមរភូមិជួរមុខដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ ឱ្យខាងតែបាន។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូព្រឹទ្ធសភា តំណាងអង្គភាពទាំងពីរ និងវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាល បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស និងប្តេជ្ញាដាច់ខាត វាយឱ្យបរាជ័យរាល់ការការប៉ុនប៉ង រំលោភឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា ៕






ដោយ ៖ វណ្ណលុក