កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់ផ្តើមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥​នេះ​នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងភាគថៃដឹកនាំដោយរដ្ឋមន្ត្រីស្តីទីថៃលោកឧត្តមសេនីយ៍ Natthaphon Narkphanit ។តាមគម្រោងក៏នឹង​មាន​តំណាងមក​ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។

តាមរយៈសេចក្តីរាយការណ៍របស់លោក ពុយ គា ទីភ្នាក់ងារក្យូដូ ជប៉ុន រាយការណ៍ពីទីក្រុងគូឡាឡាំពួ​បានឱ្យដឹងថា ដោយឡែកកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានរវាងកម្ពុជា-ថៃ រយៈពេលបីថ្ងៃកន្លងមក (ថ្ងៃទី៤-៦ខែសីហា បានឯកភាព​គ្នាជាគោលការណ៍លើចំណុចមួយចំនួនស្ដីពីការអនុវត្តបទឈប់បាញ់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានការព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសង្កេតការណ៍បណ្តោះអាសន្នដែលជាអនុព័ន្ធការពារជាតិអាស៊ានដើម្បីត្រួតពិនិត្យលើការប្រតិបត្តិជាក់ស្តែង។ ក្រុមអ្នកសង្កេតការបណ្តោះអាសន្នអាស៊ានមាន៧ប្រទេស​រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។ នៅមានចំណុចសេសសល់​មួយ​ចំនួនទៀតដែលត្រូវពិនិត្យនិងពិភាក្សាឡើងវិញក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នារសៀលថ្ងៃទី៧ ខែសីហានេះ។

ក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៧ ខែសីហា​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំ​ក្រុម​លេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ រយៈពេល៣ថ្ងៃមកនេះ គឺពីថ្ងៃទី៤ ដល់ទី៦សីហាកន្លងនេះ មានសញ្ញាវិជ្ជមាន​ជាច្រើនរវាងភាគីទាំងពីរ។ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ បានផ្លាស់ប្តូរនូវចំណុច​សំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ។ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់​ស្របនិងទទួលយក។ដោយឡែកភាគីថៃ ក៏មានចំណុចល្អខ្លះដែលកម្ពុជាបានទទួលយកដូចគ្នា»៕

ដោយ៖វណ្ណលុក

ads banner