ប្រទេសថៃ កំពុងប្រើប្រាស់យុទ្ធនាការព័ត៌មានមិនពិត ដើម្បីបំភាន់ភ្នែកអន្តរជាតិ ស្របពេលដែលកិច្ចសន្ទនាឈប់បាញ់កំពុងដំណើរការ
(ភ្នំពេញ)៖ នាពេលនេះ ថៃបានកំពុងបានប្រើប្រាស់នូវអំពើទុច្ចរិតដោយបានប្រើប្រាស់នូវយុទ្ធនាការព័ត៌មានមិនពិតសំដៅធ្វើយ៉ាងណាបំភាន់ និង បំភ្លៃ ដល់សហគមន៍អន្តរជាតិជុំវិញបញ្ហាជម្លោះព្រំដែន។
លើកឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថា ៖ កម្ពុជាកត់សម្គាល់ដោយស្រងាកចិត្តនូវយុទ្ធនាការព័ត៌មានមិនពិតដែលបាននិងកំពុង ដំណើរការដោយភាគីថៃ ស្របពេលដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងកិច្ចសន្ទនាសម្រាប់ការអនុវត្តឱ្យពេញលេញនូវបទឈប់បាញ់ ។
យុទ្ធនាការនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបំភាន់សហគមន៍អន្តរជាតិ ការបកស្រាយដោយខុសស្គងនូវជំហររបស់កម្ពុជា ហើយនិងការបង្វែងការចាប់អារម្មណ៍ពីសកម្មភាពរបស់ ខ្លួនឯងផ្ទាល់។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថាកម្ពុជាបានបង្ហាញឱ្យឃើញច្បាស់ជាប់ជានិច្ច នូវសុច្ឆន្ទៈ ការអត់ធ្មត់ និងការតាំងចិត្តចំពោះសន្តិភាព របស់ខ្លួន ។ ពិសេសតាមរយៈការគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ជាមួយគ្នានេះកម្ពុជាបានចូលរួមយ៉ាងសុទ្ធចិត្ត យ៉ាងសកម្មក្នុងការចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដើម្បីស្វែងរកដំណោះស្រាយផ្លូវការទូត និងតាមកិច្ចចរចា ចំពោះវិបត្តិបច្ចុប្បន្ន។រៀបចំដំណើរការចុះពិនិត្យរបស់អ្នកការទូតបរទេស និងបណ្តាទីភ្នាក់ងារសហប្រជាជាតិនៅតាមទីតាំងជនភៀសខ្លួន។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថាកម្ពុជា មិនដែលបង្កប្រទូសសារ៉ាយណាមួយឡើយ ហើយសកម្មភាពយោធារបស់កម្ពុជាមានលក្ខណៈការពារខ្លួននៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសបានធ្វើការបញ្ជាក់បន្ថែមថា កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានដែលបានលើកឡើងដោយមន្រ្តីរបស់ថៃ ដែលក្នុងនោះបានចាត់ទុកកម្ពុជាថា ជាអ្នកឈ្លានពាន ហើយនិងបានចោទប្រកាន់កម្ពុជាបានរំលោភបំពានទៅលើលបទឈប់បាញ់ ហើយនិងថាយកជនស៊ីវិលជាគោលដៅវាយប្រហារ។ការលើកឡើងបែបនេះវាពុំមានការពិតដើម្បីគាំទ្រឡើយ ហើយវាក៏ជាការបំភាន់ដ៏គ្រោះថ្នាក់មួយ។កម្ពុជាសូមអះអាងជាថ្មីទៀតថាកម្ពុជាបានធ្វើសកម្មភាពក្នុងការការពារខ្លួនទៅនឹងការឈ្លានពានមកលើទឹកដី ហើយបានគោរពជានិច្ចនូវបទឈប់បាញ់ជាមួយនឹងការអត់ធ្មត់បំផុត៕
ដោយ ៖ ម៉ាដេប៉ូ