ម៉ាឡេស៊ី និង អ៊ីរ៉ង់ទទូចឱ្យរដ្ឋមូស្លីមក្រោកឈរប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅហ្គាហ្សា

តេហេរ៉ង់ ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី៦ ខែសីហា បានអំពាវនាវឲ្យរដ្ឋមូស្លីមក្រោកឈររួមកម្លាំងគ្នាបញ្ឈប់ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

មេដឹកនាំទាំងពីរបានអំពាវនាវបែបនេះ ក្នុងកំលុងកិច្ចពិភាក្សាអំពីស្ថានភាពវិវឌ្ឍន៍ក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ។

កំលុងការសន្ទនានោះ លោកប្រធានាធិបតី Pezeshkian បានទទូចឱ្យមានការរួបរួមគ្នា ក្នុងចំណោមរដ្ឋមូស្លីម ទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលបណ្តាលមកពីសកម្មភាពរបស់អ៊ីស្រាអែល ដែលជាទង្វើមិនអាចទទួលយកបាន។

ទន្ទឹមគ្នា លោកប្រធានាធិបតី Pezeshkian បានអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងអន្តរកម្ម រវាងអ៊ីរ៉ង់ និងម៉ាឡេស៊ីលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។

ចំណែកលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar បានថ្កោលទោសអ៊ីស្រាអែល ហើយថា រដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍ខ្លាំងៗ ប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

លោកនាយករដ្ឋមន្ត្រី Anwar និយាយថា ម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងទូលំទូលាយ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ដោយសង្ឃឹមថា យើងនឹងអាចបញ្ឈប់ឧក្រិដ្ឋកម្មទាំងនេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមូស្លីមដទៃទៀត។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីវិញ លោកនាយករដ្ឋមន្ត្រី Anwar បាននិយាយថា ម៉ាឡេស៊ីនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់លើគ្រប់វិស័យ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner