ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល
ភ្នំពេញ៖កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skill Development Program-DSDP) នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៤ ក្នុងចំណោម៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងលោកស្រីប្រធាន និងសមាជិក នៃលេខាធិការដ្ឋានកម្មវិធីអភិវឌ្ឍន៍ជំនាញ (ក.អ.ជ.ឌ.)ជាច្រើន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាននូវវឌ្ឍនភាពការងារ ពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការងារ ស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ កាន់តែខិតជិតមកដល់ ក៏ដូចជាការពិភាក្សាលើនីតិវិធីការងារផ្សេងៗជាមួយគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ អង្គប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗផងដែរ។ មុននឹងបញ្ចប់ អង្គប្រជុំទាំងមូល បានឯកភាពគ្នាលើទិសដៅការងារបន្តទៅមុខ ក៏ដូចជាការចូលរួមជួយផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃ ក.អ.ជ.ឌ.។

សូមជម្រាបថា ក.អ.ជ.ឌ គឺជាកម្មវិធីដែលផ្តល់ជំនួយហិរញ្ញវត្ថុដោយមិនគិតការប្រាក់ (Financial Aid without Interest) ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរប់ស ក.អ.ជ.ឌ.។គិតត្រឹមឆ្នាំ២០២៥ ក.អ.ជ.ឌ. បានផ្តល់ជំនួយដល់និស្សិតប្រមាណ ៤០ រូប (២ ជំនាន់) ដែលកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.ប.ទ.៕
ដោយ៖ង៉ាន់ ទិត្យ

