អភិបាលខេត្ត៖ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដីគឺជារឿងសំខាន់បំផុត
កំពត៖ជាតិ ទឹកដី និងប្រជាជនគឺតែមួយ ។បើសិនខ្វះអ្វីមួយក៏មិនបានដែរ។ជាក់ស្តែងប្រទេសជាតិកំពុងស្ថិតក្នុងការឈ្លានពានសត្រូវ ដូច្នេះអ្វីដែលយើងជាប្រជាជនត្រូវធ្វើគឺរួមគ្នាចេញប្រយុទ្ធការពារទឹកដី។នេះជាប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងឱកាសដែលអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ព្រមទាំងថ្លែងអំណរគុណចំពោះគ្រួសារវីរកងទ័ពដែលមានទីលំនៅក្នុងស្រុកកំពង់ត្រាចចំនួន ៤៩គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកកំពង់ត្រាច នារសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២៥។
ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងខ្លាំងណាស់ដែលមានមេដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសការយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តថែរក្សាសុខសន្តិភាពរួមជាមួយនឹងការអភិវឌ្ឍផងដែរ។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើនិងថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវីរកងទ័ព និងគ្រួសារវីរកងទ័ពទាំងអស់ ដែលបានចាកចេញពីក្រុមគ្រួសារទៅការពារទឹកដីដែលនេះគឺជាគំរូវីរភាពដែលប្រជាជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូបត្រូវតែចងចាំ៕
ដោយ៖ សិលា សារិន


